នយោបាយ

Hot News: សម្តេចតេជោ បញ្ជាក់ថា គ្មានថ្ងៃប្រើដៃស្ដាំ លើកលែងទោស ឲ្យមេឧទ្ទាម សម រង្ស៊ី ជាដាច់ខាត

ភ្នំពេញ ៖ ទោះបីជាមិននិយាយចំឈ្មោះ មេឧទ្ទាម សម រង្ស៊ីក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សម្តេចគ្មានថ្ងៃប្រើដៃស្ដាំ ចុះហត្ថលេខា ស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោស ដល់មនុស្សដដែល ជាដាច់ខាត ។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រ ផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំង ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតនាព្រឹ កថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ ដល់ប្រជាពលរដ្ឋ កងកម្លាំងប្រ ដាប់អាវុធ និង ព្រះសង្ឃ ដែលបានចូលរួមទប់ស្កាត់ ផែនការរដ្ឋប្រហារ របស់ក្រុមឧទ្ទាម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងមកតាមរយៈការ ចូលរួមទទួលទាន អំបុកក្រោមបាវចនា អំបុក ខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ ។

សម្តេចតេជោ បានបញ្ជាក់ថា ៖«វាជារឿងចម្លែកណាស់ ដែលចេញសារនយោបាយ បានចេញមកថា ថ្ងៃ៩ វិច្ឆិកា ជាថ្ងៃចាប់ ហ៊ុន សែន ដើម្បីផ្តន្ទាទោស ឬត្រូវនិរទេសហ៊ុន សែន ឲ្យទៅក្រៅប្រទេស ហើយខ្លួនគេ (សម រង្ស៊ី) ចូលមកគ្រប់គ្រងប្រទេសវិញ ។ នេះជារឿងចម្លែកណាស់ ដូច្នេះរាជរដ្ឋាភិបាល គ្មានជម្រើសអ្វី ក្រៅពីការទប់ស្កាត់ ឲ្យបាននូវគ្រប់វិធី ដើម្បីធានាសន្តិសុខ និងសុវត្ថិភារបស់យើង» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្ថែមថា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែទប់ស្កាត់ឲ្យបាន ដើម្បីរក្សាឲ្យបាននូវសន្តិភាព ដែលរកបានដោយលំបាក ។
សម្តេច ក៏បានចំអកទៅកាន់ក្រុមប្រឆាំង យ៉ាងដូច្នេះថា ខ្លួនអួតអាងថា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ តែតាមពិតប្រើប្រាស់ អំពើហិង្សាទៅវិញ ។ តើនេះជាអ្វីទៅ? ផែនការដ៏មហិច្ឆតា នេះ នៅតែទទួលបរាជ័យ ដោយសារប្រជាជន ចង់បានសន្តិភាពស្ថេរភាព ត្រូវការគណបក្ស ប្រជាជនកម្ពុជា និងត្រូវការតួនាទីរបស់ សម្តេចតេជោ ហ៊ុន សែន ។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖« អ្នកត្រូវចាំថា ទោសរបស់អ្នក (សម រង្ស៊ី) មិនត្រូវបានលើកលែងនោះទេ ។ អ្នកត្រូវតែឆ្លង តាមគន្លងច្បាប់មួយ ហើយអ្នកមាន សិទ្ធិតែមួយគត់ ក្នុងការលើកសំណើ ថ្វាយព្រះមហាក្សត្រ គឺតាមរយៈដៃស្តាំ របស់ហ៊ុន សែន ។ តែហ៊ុន សែន មិនចុះហត្ថលេខា សុំការលើកលែងទោស ឲ្យមនុស្សដដែលនោះទេ ។ ខ្ញុំព្រះករុណា មិន និយាយចំឈ្មោះនោះទេ ក៏ប៉ុន្តែនេះជាសារនយោបាយមួយ ជាក់ព្រោះនេះជារឿង ដែល អាក្រក់ជួរជាតិបំផុត» ។

សម្តេចតេជោ ក៏បានលើកឡើងថា សម រង្ស៊ី ចង់ប្រើសម្តេច ស ខេង ជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យធ្វើបក្សប្រហារ ដើម្បីផ្តួលសម្ដេចនេះម្ខាង ហើយធ្ងន់ជាងនេះគឺ ឲ្យសម្តេច ស ខេង ធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល ហ៊ុន សែន ។

សម្តេចតេជោ ក៏បានលើកឡើងថា មិនត្រឹមតែសម្តេច ក្រឡាហោម ស ខេងទេ សូម្បីតែ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏ក្រុមឧទ្ទាមអំពាវនាវ ឲ្យទម្លាក់ ហ៊ុន សែន ចោលដែរ។
សម្តេចតេជោបញ្ជាក់ថា៖«វាទៅជាអីចឹងទៅ សុំបញ្ជាក់ជូនអ្នកឯងទៅវិញថា អ្នកឯងស្គាល់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា តិចពេកហើយ ។
គណបក្សប្រជាជនកម្ពុជា រស់រានមានជីវិតមកដល់សព្វថ្ងៃ ដោយ សារមានសាមគ្គីភាពផ្ទៃក្នុង គណបក្សប្រជាជន គ្មានការដណ្តើមអំណាចណា មួយជាមួយគ្នានោះទេ។ ចំណុចនេះហើយ អ្នកមិនយល់ច្បាស់ ហើយតែងតែចាញ់ គណបក្សប្រជាជនកម្ពុជា ដូច្នេះអ្នកត្រូវតែយល់»។

សម្តេចក៏ បានចំអកទៅកាន់ លោកសម រង្ស៊ី ថា បានដើរខុសក្រឡាហើយ ។

សម្ដេចគូសបញ្ជាក់ថា “ខ្ញុំគ្រាន់ តែទូន្មានអ្នកឲ្យចេះគិតបន្តិច មិនចាំបាច់អ្នកទៅស្នើជូគឺលាង ឬសឺម៉ាអ៊ី នៅក្នុងរឿងសាមកុកនោះទេ តែសុំអ្នកវាយតម្លៃស្ថានភាព របស់កម្ពុជា និងវាយតម្លៃចិត្តរបស់ ប្រជាជនឲ្យត្រូវសិន ។ អ្នកត្រូវយល់ថា ប្រជាពលរដ្ឋត្រូវការសន្តិភាព ៕ ដោយ៖ ស សំណាង

To Top