នយោបាយ

អតីតមន្រ្តីជាន់ខ្ពស់ CNRP សោកស្ដាយជាខ្លាំង ចំពោះអាជ្ញាធរ ម៉ាឡេស៊ី ចាប់ខ្លួន លោកស្រី មូរ សុខហួរ

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីលោកស្រី មូរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ឃាត់ខ្លួននាព្រឹកថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៩ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិ បានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួននេះ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកលោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃ៧ វិច្ឆិកា បានឲ្យដឹងថា “ក្នុងនាមអតីតអ្នកតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ខ្ញុំពិតជាមានការ សោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន របស់លោកជំទាវ មូរ សុខហួ ដោយអាជ្ញាធរម៉ាឡេស៊ី” ។

លោកសង្កត់ធ្ងន់ថា វិធានការនេះ នឹងធ្វើឲ្យប៉ះពាល់មុខមាត់ ប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី។

លោកយល់ឃើញថា ករណីនេះ ជាជម្លោះនយោបាយផ្ទៃក្នុង របស់កម្ពុជា មិនមែនជាឧក្រិដ្ឋកម្មឆ្លងដែន ឬឧក្រិដ្ឋកម្មអន្តរជាតិទេ ដូច្នេះកម្ពុជា គួរតែមានសមត្ថភាព និងលទ្ធភាពដោះស្រាយ ដោយខ្លួនឯង ។ ដំណោះស្រាយដោយសន្តិវិធី និងអហិង្សា ដើម្បីជាប្រយោជន៍យូរអង្វែង សំរាប់ប្រទេសជាតិ ៕
ដោយ ៖ ធី លីថូ

To Top