ព័ត៌មានជាតិ

មូលនិធិបុរាណវិទ្យារបស់បារាំង និងក្រុមហ៊ុន Kulara Water ចាប់ដៃគ្នាដាំដើមឈើឡើងវិញ នៅលើភ្នំគូលែន ទុកជាសម្បត្តិរដ្ឋ

ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញព្រៃឈើ លើភ្នំគូលែនបាត់បង់អស់ប្រមាណជា៨០ភាគរយ អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ “អូ គូលែន” បានសហការគ្នាដាំឡើងឈើឡើងវិញជាង៧ពាន់ដើម ក្នុងតំបន់ការពារធម្មជាតិ លើផ្ទៃដី១៤ហិកតា នៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប សម្រាប់ទុកជាសម្បត្តិរបស់រដ្ឋ ។

តាមការថតពីលើអាកាសដោយប្រព័ន្ធផ្កាយរណប នាពេលចុងក្រោយនេះ បានបង្ហាញថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបន្តបាត់បង់អស់ប្រមាណ ៨០% បន្ទាប់ពីក្រសួងបរិស្ថាន កាលពីប៉ុន្មានឆ្នាំកន្លងទៅ ក៏បានទទួលស្គាល់ថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលនៅសល់តែប្រមាណ ២៥% ប៉ុណ្ណោះ បានន័យថា បច្ចុប្បន្នព្រៃឈើនៅលើភ្នំនេះ នៅសល់តែ ២០% ប៉ុណ្ណោះ ។

លោក Jean Baotiste Chevance ប្រធានអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង(ADF) បានឲ្យដឹងថា អស់រយៈពេលជាង១ឆ្នាំកន្លះមកហើយដែលក្រុមហ៊ុន ផលិតទឹករ៉ែធម្មជាតិ អូគូលែន (Kulara Water) បានស្នើមក ADF សហការដាំដើមឈើឡើងវិញ នៅលើភ្នំគូលែន ។

លោកបន្តថា គម្រោងកិច្ចសហប្រតិបត្តការរវាង ADF និង Kulara Water គឺការបង្កើតថ្នាលបណ្ដុះកូនឈើចំនួនបីកន្លែងក្នុងសាលារៀនចំនួនបីនៅលើខ្នងភ្នំគូលែន។ សាលារៀនបឋមសិក្សាទាំងបី ដែលទទួលរៀបចំថ្នាលបណ្ដុះកូនឈើ រួមមាន ៖ សាលាបឋមសិក្សាតាពេញ សាលាបឋមសិក្សាសង្កែឡាក់និងសាលាបឋមសិក្សាអន្លង់ធំ។

លោកឲ្យដឹងទៀតដឹងទៀតថា គោលដៅបណ្ដុះកូនឈើទាំងបីនោះ គឺមួយផ្នែក ផ្ដល់ពូជដើមឈើយកមកដាំឡើងវិញក្នុងបរិវេណក្រុមហ៊ុន Kulara Water ទុកជាសម្បត្តិរបស់មនុស្សជាតិ និងមួយផ្នែកទៀត ផ្ដល់កូនឈើយកទៅបណ្ដុះ ដើម្បីដាំឡើងវិញនៅខ្នងភ្នំគូលែន ។

លោកប្រធាន ADF បញ្ជាក់ថា ការបង្កើត និងការមើលថែថ្នាលបណ្ដុះកូនឈើទាំងអស់ មានការចូលរួមពីសិស្សានុសិស្សចំនួន៤០០នាក់ គ្រូ១៥នាក់ ក្នុងការតាមដាននិងមើលថែកូនឈើជារៀងរាល់ថ្ងៃ ៕

ដោយ៖ ធី លីថូ

Click to comment

Leave a Reply

Your email address will not be published.

To Top