ព័ត៌មានជាតិ

អាល្លឺម៉ង់បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ដើម្បីលើកកម្ពស់ ផលប្រយោជន៍ប្រទេសទំាងពីរ

ភ្នំពេញ៖លោក គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ដើម្បីលើកកម្ពស់ផលប្រយោជន៍ ប្រទេសទំាងពីរ។

ក្នុងជំនួបជាមួយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោកគ្រីស្ទាន បែកហ្គឺ បានអះអាងថា ក្នុងបេសកកម្មការទូត របស់លោកនៅកម្ពុជានេះ លោកនឹងខិតខំ ជំរុញកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអាល្លឺម៉ង់ ឲ្យកាន់តែរឹងមាំឡើងនៅគ្រប់វិស័យ មានវិស័យអប់រំ សុខាភិបាល និងអភិបាលកិច្ច ជាដើម។

លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ បានកំពុងដំណើរការល្អ ដោយនៅក្នុងនោះប្រទេសទំាងពីរ បានធ្វើការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។

សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមគាំទ្រ និងសន្យាធ្វើកិច្ចសហប្រតិបត្តិការ ឲ្យបានពេញលេញ ដើម្បីបេសកកម្មការទូត របស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាអាល្លឺម៉ង់ ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសសមាជិក សហភាពអឺរ៉ុប ដែលបាននំាចូលទំនិញពីកម្ពុជា ច្រើនជាងគេ ក្នុងចំណោមប្រទេស សមាជិកសហភាពអឺរ៉ុប។ ហើយអាល្លឺម៉ង់ជាប្រទេស ដែលបានផ្តល់ជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា លើគំរោងការអភិវឌ្ឍន៍នានា ជាង៧០គម្រោងកន្លងមកនេះ។

សូមជម្រាបថា កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីចុងឆ្នាំ១៩៦៧ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់ កាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ៕ដោយ ស សំណាង

To Top