Saturday, Nov 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំ ខេត្តសាកែវ អន្តរាគមឲ្យដោះលែង ពលរដ្ឋខ្មែរ២នាក់

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងអន្តរាគមតាមមធ្យោបាយផ្លូវច្បាប់ ដើម្បីជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២នាក់ (ជាបងប្អូនបង្កើតនឹងគ្នា) ដែលត្រូវបានអាជ្ញាធរថៃ​ចាប់ឃុំខ្លួន​​នៅពន្ធនាគារ​ខេត្តសាកែវ ពីបទប្រើប្រាស់ឯកសារក្លែងបន្លំចូលទឹកដីថៃដោយខុសច្បាប់។ 

បើលោក ជុំ សុន្ទរី បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះថា កិច្ច​អន្តរាគមន៍នេះធ្វើឡើង ឆ្លើយតបតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ​ពលរដ្ឋ​ទាំង​ពីរនាក់ កាលពីថ្ងៃទី១៧ ខែ​ ឧសភា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី បន្តថា នៅថ្ងៃទី១៨ ខែឧសភា មន្រ្តីស្ថានអគ្គកុងស៊ុលបានទៅជួបផ្ទាល់ជាមួយបុរសរងគ្រោះ ដែលមាន​ឈ្មោះ យ៉ិន ម៉ាន់ អាយុ២២ឆ្នាំ និងឈ្មោះ យ៉ិន អេន អាយុ១៨ឆ្នាំ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកទាំងពីរ បានចូលទឹកដីថៃតាមរយៈមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ដោយប្រើប្រាស់ប័ណ្ណចេញ-ចូល អន្តោប្រវេសន៍​ថៃ ( ចូលព្រឹក ចេញលា្ងច សម្រាប់ពលរដ្ឋខ្មែរចូលផ្សាររោងក្លឿ) ដែលជាឈ្មោះអ្នកដទៃ ហើយត្រូវបានប៉ូលីសអន្តោប្រវេសន៍ថៃឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងបញ្ជូនបន្តទៅ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសាកែវ នៅថ្ងៃទី២៧ ខែមេសា។

​ស្ថានអគ្គកុងស៊ុល បានពិគ្រោះយោបល់ជាមួយមេធាវីជនជាតិថៃ និងក្រុមគ្រួសារជនរងគ្រោះ ដោយសម្រេចតម្កល់ប្រាក់ធានាខ្លួនអ្នកទាំងពីរឲ្យស្ថិតនៅក្រៅឃុំ រង់ចាំតុលាការកាត់ក្តីនាពេលខាងមុខ។ ស្ថានអគ្គកុងស៊ុល កំពុងបន្តតាមដានលើករណីនេះ ហើយនឹងផ្តល់ព័ត៌មានបន្ថែម នៅពេលក្រោយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top