Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្រ្តីថៃសាទរគណបក្សប្រជាជន កម្ពុជា ទទួលសំឡេងឆ្នោត យ៉ាងលើសលប់

ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតំាងតំណាង នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងផុតទៅនោះ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតនៅអាណត្តិទី៦។

យោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដែលបង្ហាញដោយក្រសួងការបរទេសខ្មែរនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត”។

លិខិតរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តីថៃ ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងអាណត្តិថ្មីរបស់សម្តេចតេជោ កម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោក អបអរសាទរផងដែរ ចំពោះសម្តេច តេជោ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីថៃបន្ថែមថា ថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចស ហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទៅ ក្រោមការអបអរសាទរ ពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត ប៉ុន្តែក៏មានប្រទេសមួយចំនួនបាន ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ដោយសារថា មិនគោរពតាមលទ្ធិប្រជាធិបតេយ្យ ព្រោះអវត្តមានគណបក្សសង្រ្គោះជាតិ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ។ ប៉ុន្តែប្រទេសដែលជាមិត្តភិក្តរបស់កម្ពុជាយ៉ាងស្និតស្នាល គឺប្រទេសចិនដែលជាអ្នកគាំទ្រ និងផ្តល់ជំនួយកម្ពុជា ជាបន្តបន្ទាប់សម្រាប់អភិវឌ្ឍន៍ប្រទេស និងវៀតណាម ព្រមទាំងឡាវ ដែលជាមិត្តជាប់ភូមិផងរបងជាមួយគ្នា បានផ្ញើលិខិតអបអរសាទរចំពោះ ការបោះឆ្នោតនៅកម្ពុជា ដែលមានពលរដ្ឋ ទៅបោះឆ្នោត យ៉ាងច្រើនលើសលុប និងសម្តែង ការសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top