TRY OUR NEW DASHBOARD! Click Here
    Monday, Jul 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នៅថ្ងៃស្អែកក្រុមការងារ អន្តរក្រសួងនឹងចែក ជា២ក្រុមចុះស្រង់ចុះស្រង់ ទិន្នន័យពលរដ្ឋមាន វិវាទ ដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ភ្នំពេញ៖លោក សុខ សុធី អភិបាលរងខេត្តកោះកុង ដែលទទួលបន្ទុកដោះស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋនៅឃុំព្រែកខ្សាច់ បានឲ្យដឹងថា មន្រ្តីជំនាញអន្តរក្រសួងសហការជាមួយ រដ្ឋបាលខេត្តកោះកុងបានដឹកជញ្ជូនឧបករណ៍ បច្ចេកទេសទៅដល់តំបន់ ដីមានជម្លោះរួចរាល់ ហើយក្រុមការងារនឹងបែងចែកគ្នាជាពីរក្រុមផ្ដើម ចុះស្រង់ទិន្នន័យពិនិត្យវាស់វែងកំណត់ អត្តសញ្ញាណដីជូន ប្រជាពលរដ្ឋ នៅថ្ងៃទី១១កក្កដាស្អែកនេះ។

លោក សុខ សុធីបានឲ្យដឹងបន្ថែមថា ដោយសារតែមេឃភ្លៀងបណ្ដាលឲ្យ ផ្លូវពិបាកធ្វើដំណើរដូច្នេះក្រុមការងារ មិនទាន់អាច ចុះស្រង់ ទិន្នន័យពិនិត្យវាស់វែង កំណត់អត្តសញ្ញាណដីជូនប្រជាពលរដ្ឋបាន នៅថ្ងៃទី១០កក្កដានេះទេដូច្នេះក្រុមការងារបាន ត្រឹមតែដំឡើងឧបករណ៍បច្ចេកទេស ដើម្បីត្រៀមធ្វើការនៅថ្ងៃស្អែក តែប៉ុណ្ណោះ។

សូមជម្រាបថាក្រោយពីអាជ្ញាធរ រាជរដ្ឋាភិបាល បានចុះសិក្សានិងពិនិត្យជាក់ស្ដែង ពីស្ថានភាពដីធ្លី ដែលមានទំនាស់រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុនចិននៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរនៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៨នេះក្រុមការ ងារក្រសួង បរិស្ថានសហការជាមួយក្រុមការងារ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងក្រុមការងាររដ្ឋបាលខេត្តកោះកុងចាប់ផ្ដើម ចុះស្រង់ទិន្នន័យពិនិត្យវាស់វែងកំណត់ អត្តសញ្ញាណដីជូនប្រជាពលរដ្ឋខណៈ ការចុះស្រង់ទិន្នន័យមានមានរយៈពេល៤សប្ដាហ៍។

កាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានស្នើ ទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យចាត់មន្រ្តី ជំនាញបច្ចេកទេស សហការជាមួយក្រុមការងារ ក្រសួងបរិស្ថាន និងក្រសួងដែនដី ដើម្បីចុះកំណត់វាស់វែង អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់ នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង។

ស្ថានភាពទំនាស់ដីធ្លីនៅ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ចិនបានធូរស្រាលក្រោយពី អាជ្ញាធររាជរដ្ឋាភិបាល ចុះដោះស្រាយនិងត្រួត ពិនិត្យស្ថានភាព លើដីទំនាស់ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល ខេត្តកោះកុងនៅថ្ងៃទី១០កក្កដានេះ បានឲ្យដឹងថា "ចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨ តទៅក្រុមការងារ នឹងចុះស្រង់ទិន្នន័យនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលគ្រោងអនុវត្តក្នុងរយៈពេល៤សប្ដាហ៍។ ក្នុងរយៈពេលនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធមកបំពេញឯកសារផ្ដល់ ព័ត៌មានជាមួយក្រុមការងារកុំបីខាន។ ហួសពេលកំណត់នេះ ក្រុមការងារមិនទទួលខុសត្រូវចំពឡការ បាត់បង់ផលប្រយោជន៍នានា របស់បងប្អូនឡើយ"។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា "ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យនៅឃុំព្រែកខ្សាច់ នេះក្រុមការងារនឹងចុះស្រង់ ទិន្នន័យនៅបណ្ដាភូមិ និងឃុំពាក់ព័ន្ធដែលស្ថិតក្នុង ស្រុកគិរីសាគរ និងស្រុកបូទុមសាគររហូតដល់ ចប់រួចរាល់ជាស្ថាពរ។ ចំពោះកាលបរិច្ឆេទជាក់ស្ដែងក្រុមការងារ នឹងជូនដំណឹងនៅពេលក្រោយ"។

សូមជម្រាបថា តាមគោលការណ៍ដោះស្រាយ របស់រាជរដ្ឋាភិបាល​ នឹងកាត់ឆ្វៀលដីជូន ប្រជាពលរដ្ឋ ដែលទទួលយកសំណង ដោះដូរជាទីតាំង ដីនិងទូទាត់ជាថវិកា ជូនប្រជាពលរដ្ឋ ដែលព្រមយកសំណងជាថវិកា។ ការដោះស្រាយនេះ ជាជំហានដំបូង អាជ្ញាធរមូលដ្ឋាន នឹងធ្វើការ ស្រង់ទិន្នន័យ និងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលរស់នៅលើដីជាក់ស្ដែង ហើយធ្វើការដោះស្រាយជូន តាមគោលការណ៍រាជរដ្ឋាភិបាល ដោយសារមាន ប្រជាពលរដ្ឋខ្លះ មិនមែនជាអ្នករស់​ នៅក្នុង មូលដ្ឋាននោះទេ ភាគច្រើនជាអ្នក រស់នៅភ្នំពេញ ទីរួមខេត្តកោះកុង ប៉ុន្តែពួកគាត់បានធ្វើការទិញដី នៅតំបន់មានទំនាស់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា យល់ស្របតាម​សំណើ​ របស់​ក្រសួង​បរិស្ថាន ឲ្យ​កាត់​ឆ្វៀល​ដី​ ចេញ​ពី​តំ​បន់ ​វិនិយោគ​អភិវឌ្ឍន៍​ របស់​ក្រុម​ហ៊ុន Union Development Group Co., Ltd (UGD) នៅ​ក្នុង​ខេត្ត​កោះ​កុង ផ្ដល់​ជូន​ប្រ​ជា​ពល​រដ្ឋ ដែលកំពុងរស់នៅនិងអាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top