Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Full story ៖ នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឲ្យឡាវ ដកកងទ័ព ចេញពីព្រំដែន ត្រឹម៦ថ្ងៃ

ភ្នំពេញ ៖ ឡាវបានពង្រាយ កងទ័ពនៅត្រង់តំបន់ ចំណុចអូរអាឡៃ និងអូរតាង៉ាវ  ព្រំដែនខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្តអាតាពើ(ឡាវ) ក្រោយពីភាគីកម្ពុជាបានសាងសង់ ផ្លូវនៅតាមបណ្តោយ ទន្លេសេកុង ហើយរហូត មកទល់ពេលនេះ ឡាវនៅមិនទាន់ដកកងទ័ពចេញនៅឡើយ។

ដោយសារមិនព្រមដកកង ទ័ពចេញរបស់ភាគីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស នៅថ្ងទី១១ ខែសីហា ឆ្នាំ២០១៧ថា ទុកពេលឲ្យមិត្តឡាវ ដកកងទ័ពចេញពីតំបន់នេះ ត្រឹមរយៈពេល៦ថ្ងៃ បើមិន ព្រមទេសម្តេចនឹងមានវិធានការក្តៅ។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ យោធាឡាវ បានបង្កភាពតានតឹង នៅតាមបណ្តាយព្រំដែន ខេត្តស្ទឹងត្រែង និងខេត្ត អាតាពើ ដោយយោធាឡាវ បានឆ្លងទន្លេសេកុង មកជីកលេណដ្ឋាន និងឃាត់គ្រឿងចក្ររបស់កងវិស្វកម្ម កម្ពុជានៅចំណុចអូរតាក់ឡាវ។ ក្នុងខែមេសា ឆ្នាំ២០១៧ ទាហានឡាវ បានចូលមកបាញ់ថ្នាំលើដើមឈើ ដី និងផ្ទាំងថ្មនៅក្បែរតំបន់អូរអាឡៃ ក្នុងនោះដែរ កងអនុសេនាធំទី២ ទី៣ របស់វរសេនាតូចលេខ២១ ប្រមាណ៦០ ទៅ៨០នាក់របស់ឡាវ បានឆ្លងទន្លេសេកុង មកបោះទីតាំងនៅក្បាលអូរអាឡៃ និងចំណុចកំពស់១៣១ ក្នុងទឹកដីកម្ពុជា។

ក្រោយពីមានករណីនេះកើតឡើង សម្តេចតេជោបានទាក់ទងទៅនាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីត ដោយផ្ទាល់តាមរយៈខ្សែទូរស័ព្ទ ដើម្បីឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ប៉ុន្តែឡាវ មិនបានស្តាប់តាមការស្នើ សុំរបស់កម្ពុជានោះទេ ហើយនៅតែគគ្លើនបន្តសកម្មភាព  នេះជាការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធី ប្រកាស តែងតាំង លោកបណ្ឌិត សុខ ទូចជាប្រធាននៃរាជបណ្ឌិត្យសភាជាផ្លូវការ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧។

សម្តេចបន្តថា ចំណែកនៅថ្ងៃទី២ សីហា សម្តេចបានផ្ញើកំណត់ទូតទៅមិត្តឡាវទៀត ដើម្បីស្នើឲ្យដកកងទ័ពចេញ ប៉ុន្តែនៅតែមិនព្រមឆ្លើយតបមកវិញ។

សម្តេចបញ្ជាក់ថា “ខ្ញុំប្រាប់ឯកឧត្តម ប្រាក់ សុខុន  បន្ទាប់ពីបង្ហូតទង់ជាតិអាស៊ានថ្ងៃនេះ ឲ្យជួបជាមួយទូតឡាវ  ខ្ញុំត្រូវការហោះទៅប្រទេសឡាវភ្លាម  ដើម្បីទៅជួបនាយករដ្ឋមន្រ្តីឡាវ សួរឲ្យច្បាស់ ព្រោះកុំលេងតាមចឹងៗ គឺមិនបាននោះទេ  ។ ខ្ញុំចង់ទៅឡាវដើម្បីនិយាយគ្នាឲ្យច្បាស់ ដក ឬមិនដក”។

សម្តេចបានផ្តាំផ្ញើថា បើឃើញមានការចល័តកងទ័ព កុំមានការភ្ញាក់ផ្អើលអ្វី ព្រោះដំណើរនេះ ដើម្បីឆ្ពោះទៅខេត្ត ស្ទឹងត្រែង ព្រោះសម្តេចបានបញ្ជាឲ្យកងពលទី២មួយភាគ និងកងពល២១មួយភាគ ដើម្បីដាក់ចល័តនៅតាម ព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង ព្រោះកម្ពុជាមិនបណ្តោយឲ្យអ្នកណាមកជាន់ដីខ្មែរឡើយ។

សម្តេចថា “មិត្តភ័ក្តគឺមិត្តភ័ក្តហើយ ប៉ុន្តែបើមិត្តភ័ក្តមកជាន់ក្បាលចឹង គឺមិនបានទេ។ ខ្ញុំបានធ្វើរឿងនេះ ដោយ ផ្ទាល់ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវហេតុអីម៉ោងនេះ មិននិយាយ។ ប៉ុល សារឿន បានទទួលបទបញ្ជា  ទៀ បាញ់ទទួលបទបញ្ជាហើយ  គន់ គីម ទទួលបទបញ្ជាហើយ បើសិនជាមានសភាពការណ៍ កើតឡើងសុំកុំបន្ទោស កម្ពុជាឲ្យសោះ”។

សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា មុនមាននឹងមានវិធានការណ៍យ៉ាងណា ទុកពេលឲ្យសម្តេច បានទៅជួប នាយករដ្ឋមន្រ្តីឡាវជាមុនសិន ប៉ុន្តែបើមិនចង់ឲ្យសម្តេចធ្វើដំណើរទៅជួបផ្ទាល់ទេ គឺដកកងទ័ពចេញ គឺពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។

នាយករដ្ឋមន្រ្តីបន្ថែមថា “ចឹងខ្ញុំសូមបញ្ជូនសារពីទីនេះ អំពាវនាវចំពោះឯកឧត្តម ថង់លន់ ស៊ីសូលីត នាយក រដ្ឋមន្រ្តីឡាវ  ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ ហើយឱសានវាទយ៉ាងយូរបំផុតនៅថ្ងៃទី១៧ សីហា ខ្ញុំទុកឲ្យ៦ថ្ងៃ បើមិនចង់មានរឿង គឺមានតែដក”។

ដើម្បីឲ្យដឹងពីព្រំដែនច្បាស់លាស់ នាយករដ្ឋមន្រ្តីកម្ពុជា បានបបួលនាយករដ្ឋមន្រ្តីឡាវ ឡើងទៅតុលាការទី ក្រុងឡាអេ  ប្រទេសហូឡង់។ សម្តេចថា ដោយសារមិនចង់ឲ្យមានសង្រ្គាម ទើបសម្តេចបានខិតខំប្រឹងប្រែង រក្សាសភាពការណ៍។

សម្តេចបញ្ជាក់ថា “បើមិនដឹងថាដីរបស់អ្នកណាគេ ចឹងឡើងតុលាការទីក្រុងឡាអេតែម្តងទៅ បើឡើងក៏ឡើង ប៉ុន្តែត្រូវដកកងទ័ពចេញសិន។ ខ្ញុំនិយាយតែប៉ុន្នឹងឲ្យដកឬមិនដក ចឹងខ្ញុំទៅផ្ទាល់តែម្តង យើងមិនធ្វើ សង្រ្គាមនោះទេ គឺសូមឲ្យដកកងទ័ពប៉ុណ្ណោះ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top