Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅឡាវថ្ងៃស្អែក ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាលើកចុងក្រោយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅប្រទេសឡាវ នៅថ្ងៃទី១២ សីហាស្អែកនេះ ដើម្បីពិភាក្សាបញ្ហាព្រំដែន ជាមួយនាយករដ្ឋមន្រ្តីឡាវ ជាលើកចុងក្រោយ។

ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នៅថ្ងៃទី១១ សីហានេះ បានសរសេរថា កម្ពុជាមិនត្រូវការដី ប្រទេសជិតខាងណាមួយ ចំអាមឡើយ ហើយប្រទេសជិតខាង ដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយ ចំអាមនោះដែរ ។ ភ្ជាប់មកជាមួយ លិខិតផ្លូវការរបស់ សម្តេចតេជោ ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីឡាវ។

សម្ដេចតេជោបន្តថា "នៅថ្ងៃទី១២ សីហាស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញទៅកាន់ប្រទេសឡាវ ​ដើម្បីពិភាក្សាជាលើកចុងក្រោយ អំពីបញ្ហានេះ ជាមួយលោកនាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ បានផ្តល់ឱសានវាទ ចុងក្រោយនៃការដកទ័ព ឡាវចេញពីទឹកដីខ្មែរ ឲ្យផុតនៅថ្ងៃទី១៧ សីហាឆ្នាំ ២០១៧ នេះជាកំហិត"។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិតសភា ជាផ្លូវការនាព្រឹកនេះ សម្តេចតេជោ បានជម្រាបជូនបងប្អូនជនរួមជាតិ ឲ្យបានដឹងអំពីបញ្ហាព្រំដែនរវាង កម្ពុជា និងឡាវ ដែលរយៈពេលកន្លងមកនេះ ឡាវ បានបញ្ជូនកងទ័ព ចូលមកលើទឹកដីនៃ ប្រទេសកម្ពុជានោះ ក្នុងនោះសម្តេចតេជោ បានបញ្ជាឲ្យបណ្តាញ សារព័ត៌មានផ្សព្វផ្សាយ លិខិតផ្លូវការរបស់សម្តេច ដែលបានផ្ញើទៅកាន់ នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២ សីហា នេះសុំឲ្យដកទាហានឡាវ ដែលចេញចូលមកឈរជើង លើទឹកដីកម្ពុជា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top