Monday, Oct 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជាផ្ញើលិខិតទៅឡាវ ឲ្យដកកងទ័ពចេញ ពីទឹកដីកម្ពុជាបន្ទាន់ចៀសវាង ផ្ទុះអាវុធដាក់គ្នា

ភ្នំពេញ៖ ក្រោយពីកងទ័ពឡាវ ចេះតែបន្តរំលោភបូរណភាព ទឹកដីកម្ពុជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីតដោយស្នើឲ្យ រដ្ឋាភិបាលឡាវដកកងកម្លាំង ប្រដាប់អាវុធចេញ ពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើឡាវ ជាបន្ទាន់ដើម្បីបញ្ចៀស ការផ្ទុះអាវុធដាក់គ្នា ។

យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២ ខែសីហា ដែលទើបផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី១១ សីហានេះ បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការ ចម្រុះព្រំដែនកម្ពុជា-ឡាវ បានចុះត្រួតពិនិត្យទីតាំង ជាក់ស្ដែងការសាងសង់ ផ្លូវដោយកងវិស្វកម្មកម្ពុជា នៅតាមបណ្ដោយទន្លេសេកុង ក្បែរតំបន់អូរអាឡៃ និងនៅតំបន់ដែលទាហានឡាវ បោះទីតាំងនៅអូរតាង៉ាវ ស្រុកសៀងប៉ាង ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើនោះ មកបានបង្ហាញឲ្យ ឃើញយ៉ាងច្បាស់ថា ទាហានឡាវពិតជា បានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅតំបន់ខាងលើនោះ ពិតប្រាកដមែន ។

លិខិតដដែលបញ្ជាក់ថា "ដើម្បីចៀសវាងការប្រឈមមុខ ដាក់គ្នាដោយកងកម្លាំង ប្រដាប់អាវុធដែលអាច នឹងកើតមាននោះ ខ្ញុំសូមស្នើរដ្ឋាភិបាល នៃសាធារណៈរដ្ឋឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាំឡៃ និងតំបន់អូរតាង៉ាវព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តអាតាពើព្រមទាំង បញ្ឈប់សកម្មភាពដូចមាន ក្នុងកំណត់ទូតកម្ពុជា ចុះកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីឲ្យសភាពការណ៍ មិនប្រក្រតីទាំងអស់នោះ វិលទៅរកសភាពដើមវិញ" ។

លិខិតដដែលបញ្ជាក់បន្ថែមថា "ខ្ញុំសូមស្នើរដ្ឋាភិបាលឡាវ ទទួលយកសំណើរ ដំណោះស្រាយ ៤ចំណុច ដែលនៅសេសសល់ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដូចមានក្នុងលិខិត សំណើរបស់ខ្ញុំចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីឲ្យក្រុមជំនាញនៃ គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ ចុះធ្វើការវាស់វែង និងកំណត់ទីតាំងបង្គោលព្រំដែន នៅលើដីជាក់ស្ដែង នៅពេលវេលាសមស្រប ដើម្បីឈានទៅបញ្ចប់បញ្ហា ព្រំដែនដែលនៅសេសសល់ នាពេលខាងមុខ" ។

អ្វីដែលគួរឲ្យ កត់សម្គាល់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវនិងដាក់ឱសានវាទ ឲ្យភាគីឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ យ៉ាងយូររយៈពេល ៦ថ្ងៃ គឺត្រឹមថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ យ៉ាងយូរបំផុត ។

គណៈកម្មាធិការ ព្រំដែនកម្ពុជា និងឡាវក៏ធ្លាប់បានបង្កើត ការិយាល័យរួមគ្នាមួយ សម្រាប់ដោះស្រាយវិវាទ និងបញ្ហាបន្ទាប់ពីយោធាព្រំដែន នៃប្រទេសទាំងពីរ មានបញ្ហាតិចតួចដាក់គ្នា ទាក់ទងនឹងការធ្វើផ្លូវ ចូលដីគ្នាទៅវិញទៅមកនោះ ។

សូមរំលឹកថា ព្រំដែនរួមគ្នារវាងកម្ពុជា និងឡាវមានប្រវែង ៥៤០គីឡូម៉ែត្រ មកដល់បច្ចុប្បន្ន ក្រុមបច្ចេកទេសចម្រុះ ខណ្ឌសីមានិងបោះបង្គោលព្រំដែន ប្រទេសទាំង២ សម្រេចការបោះបង្គោល បានចំនួន៩៧ទីតាំង លើ១៤៥ទីតាំង ស្មើនឹង ១០៨បង្គោល ។ ទីតាំងបង្គោលដែល មិនទាន់បានឯកភាពគ្នាមានចំនួន ៤៨ទីតាំង ហើយភាគីទាំង២ នឹងបន្តជំរុញការបោះបង្គោល ដែលនៅសេសសល់ឲ្យបាន ចប់សព្វគ្រប់នៅពេលឆាប់ៗនេះ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top