Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

(Breaking News) សម្តេចតេជោ ទុកឲ្យភាគីឡាវ៦ថ្ងៃ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវចាប់ពេលនេះទៅ ឲ្យភាគីឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ យ៉ាងយូររយៈពេល៦ថ្ងៃ។

ក្នុងពិធីប្រកាសតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “ឥឡូវផ្សាយលិខិតទៅ ខ្ញុំផ្ញើទៅ។ ខ្ញុំអំពាវនាវពីនេះទៅ ដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ”។

សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា “យ៉ាងយូរខ្ញុំទុកពេលឲ្យ៦ថ្ងៃ ពីថ្ងៃទី១១-១៧សីហា បើមិនចង់មានរឿងត្រូវតែដក។ឱសានវាទត្រឹមថ្ងៃទី១៧ សីហា ខ្ញុំបានបញ្ជាកងទ័ពហើយ ដល់ពេលត្រូវតែធ្វើ មេទ័ពត្រូវតែស្តាប់ឲ្យបាន។ យើងមិនចង់ទាស់គ្នា បើគាត់មិនព្រមដកទេ គឺចឹង យើងទុកពេលឲ្យគាត់៤ខែហើយ”។

គួរបញ្ជាក់ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ របស់អគ្គបញ្ជាការដ្ឋាន ទីចាត់ការ ការងារព្រំដែន កន្លងទៅនេះ បានបង្ហាញថា ពីសម្មភាពព្រំដែនកម្ពុជា-ឡាវ មានភូមិសាស្រ្តស្មុគស្មាញសំបូរទៅដោយព្រៃភ្នំ ជ្រោះ អូរ គ្មានគមនាគមន៍ តំបន់មួយចំនួនយើងមិនដែលចូលទៅដល់ បង្កលក្ខណៈឲ្យទាហានឡាវ រំលោភដែនអធិបតេយ្យកម្ពុជាយើង និងជាឱកាសដែលជនខិលខូចឆ្លៀតធ្វើសកម្មភាពខុសច្បាប់។

ដោយឡែកសកម្មភាពយោធា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ ឡាវបានបង្កភាពតានតឹង នៅតាមបណ្តាយព្រំដែន ខេត្តស្ទឹងត្រែង (កម្ពុជា) និងខេត្ត អត្តរពើ (ឡាវ) ជាក់ស្តែង។ ខែកុម្ភៈ ឆ្នាំ២០១៧ យោធាឡាវ បានឆ្លងទន្លេសេកុង មកជីកលេណដ្ឋាន និងឃាត់គ្រឿងចក្ររបស់កងវិស្វកម្មយើងនោចំនុចអូរតាក់ឡាវ។ ខែមេសា ឆ្នាំ២០១៧ ទាហានឡាវ បានចូលមកបាញ់ថ្នាំលើដើមឈើ ដី និងផ្ទាំងថ្មនៅក្បែរតំបន់អូរអាឡៃ។ នៅខែមេសា ឆ្នាំ២០១៧ ដដែលទាហានឡាវ កងអនុសេនាធំទី២ ទី៣ របស់វរសេនាតូចលេខ២១ ប្រមាណ៦០ ទៅ៨០នាក់ បានឆ្លងទន្លេសេកុង មកបោះទីតាំងនៅក្បាលអូរអាឡៃ និងចំណុចកំពស់១៣១ ក្នុងទឹកដីកម្ពុជា។ ហើយបច្ចុប្បន្នសភាពការណ៍យោធានៅតំបន់អូរអាឡៃ កម្លាំងទាំងពីរកំពុងប្រឈមដាក់មុខគ្នាយ៉ាងតានតឹង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top