Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល ប្រជុំផ្សព្វផ្សាយផែនការ ការពារសណ្ដាប់ធ្នាប់សម្រាប់ ការឃោសនាបោះឆ្នោត

កណ្ដាល៖លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ ផែនការ ការពារ ឃោសនាបោះឆ្នោត និងបោះឆ្នោត-រាប់សន្លឹកឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិទី៤ឆ្នាំ២០១៧ នៅសាលប្រជុំរបស់ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាលដោយមាន ការចូលរួមពីលោក-លោកស្រីស្នងការរង,នាយការិយាល័យជំនាញ,មេបញ្ជាការវរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៥, អធិការនគរបាល ស្រុក/ក្រុងទាំង១១, នាយប៉ុស្ដិ៍នគរបាលច្រកទ្វារទ្វេរភាគី ជ្រៃធំ-ខ្នាតាំងយូ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ទាំង១២៧ប៉ុស្ដិ៍ផងដែរ ។
 
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ថ្លែងថា នៅទូទាំងខេត្ដកណ្ដាលមាន គណបក្សនយោបាយចំនួន៨គណបក្ស មានបេក្ខភាពឈរឈ្មោះ បោះឆ្នោត៧៣៦៤នាក់ ស្រី២១៥១នាក់ រួមមាន៖ គណបក្សប្រជាជនកម្ពុជា (១២៧ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ២០៨៨នាក់ ,គណបក្សសង្រ្គោះជាតិ (១២៧ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ១៩៦៦នាក់ ,គណបក្សហ្វ៊ុនស៊ិនប៉ិច (៧៣ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ១១៥១ ,គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៦៦ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ១០០៤នាក់ ,គណបក្សសំបុកឃ្មុំ (២០ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ៣៣៨នាក់ ,គណបក្សសញ្ជាតិកម្ពុជា (១៧ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ២៩៥នាក់ ,គណបក្សខ្មែររួបរួមជាតិ (៣៤ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ៤៨៦នាក់ និងគណបក្សអំណាចខ្មែរ (២ឃុំ/សង្កាត់) មានបេក្ខភាពឈរឈ្មោះ៣៦នាក់ ។
 
លោកស្នងការបានថ្លែងទៀតថា ក្នុងរយៈពេលឃោសនាបោះឆ្នោតមាន១៤ថ្ងៃ គោលដៅការពារចំនួន១២៧ឃុំ/សង្កាត់ ប្រើប្រាស់កម្លាំងសរុប២១៩៧នាក់ ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត កងកម្លាំងត្រូវចេញរៀបចំសណ្ដាប់ធ្នាប់ ពិសេសទប់ស្កាត់និងបង្រ្កាប រាល់ពេលកើតមានអំពើហិង្សា ណាមួយរវាងអ្នកគាំទ្រគណបក្ស នយោបាយ។ កម្លាំងនគរបាលទាំអស់ត្រូវយកចិត្ដទុកដាក់ អនុវត្ដផែនការលេខ០១៨ផកចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ របស់ស្នងការដ្ឋាន នគរបាលខេត្ដ ។ ប្រជុំផ្សព្វផ្សាយស្ដីពីក្រមសីលធម៌ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិនិងភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ។ 
 
ស្នងការរងនគរបាលខេត្ដ ដែលទទួលមុខព្រួញតាមស្រុក/ក្រុង ត្រូវចុះដឹកនាំបញ្ជាដោយផ្ទាល់ នៅតាមបណ្ដាស្រុក/ក្រុង ដែលខ្លួនទទួលខុសត្រូវ ។ បន្ដយកចិត្ដទុកដាក់ ទំនាក់ទំនងល្អ បង្កើតកិច្ចសហការ ជិតស្និទ្ធជាមួយគ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ដើម្បីធានាការដោះស្រាយ បញ្ហាផ្សេងៗដែលកើតឡើងក្នុងដំណាក់កាលរៀបចំ ការបោះឆ្នោតបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។ ខិតខំជំរុញការអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានស្រុះស្រួលគ្នាគ្រប់ទីកន្លែង ដើម្បីធ្វើឲ្យបរិយាកាសសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមជាទូទៅ មានសភាពការណ៍ល្អប្រសើរបំរើ ឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្ដិទី៤ឆ្នាំ២០១៧ ប្រព្រិត្ដទៅដោយរលូន គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា ទទួលបានលទ្ធភាពល្អ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top