Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ហ៊ុន ម៉ាណែត៖ គ្រូពេទ្យ ក៏មិនសូវខុសគ្នា ប៉ុន្មាននឹង កងកម្លាំប្រដាប់អាវុធ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានមានប្រសាសន៍ ប្រៀបធៀប អំពីភារៈកិច្ចក្រុមគ្រូពេទ្យ គឺមិនខុសគ្នា និងកងកម្លាំងប្រដាប់អាវុធនោះទេ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "គ្រូពេទ្យ ក៏មិនសូវខុសគ្នាប៉ុន្មាននឹងយោធិន នៃកងយោធពលខេមរភូមិន្ទ ឬ កងរាជអាវុធហត្ថ ឬក៏  នគរបាលជាតិទេ, ទោះបីជាមានបុណ្យទាន ដែលគេជួបជុំគ្រួសារ គឺគ្រូពេទ្យយើងបែរជាប្រចាំការ គេកាន់តែសប្បាយ យើងកាន់តែប្រចាំការ"។

លោកបន្ថែមថា "កន្លងទៅមានការចោទប្រកាន់ផ្សេងៗ ប៉ុន្តែក៏ទទួលស្គាល់ចំពោះការត្អូញត្អែរ របស់ប្រជាពលរដ្ឋមួយចំនួន ទៅលើឥរិយាបទរបស់គ្រូពេទ្យខ្លះនៅ  មានចំណុចអវិជ្ជមាន ប៉ុន្តែយើងនៅមានគ្រូពេទ្យល្អៗជាច្រើន ដែលបានសង្គ្រោះជីវិតមនុស្ស។ យើងបង្កើន និងពង្រីកប្រសិទ្ធភាព គុណភាពលើជំនាញ វិជ្ជាជីវៈសុខាភិបាលរបស់យេីង ខណៈយើងនៅតែបន្តរក្សាធនធានវេជ្ជបណ្ឌិត ឯកទេសរបស់យើងទោះដល់អាយុចូលនិវត្តន៍ ទៅហើយក្តី ដើម្បីទាញយកការចែករំលែកចំណេះដឹង និងបទពិសោធន៍"។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែ ក៏បានលើកឡើងថា កម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ របស់ខ្លួនគួរឲ្យកត់សំគាល់ និងមុនផែនការកំណត់ លើគោលដៅ ចំនួន ០៤ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង, និងការបង្កើនភាពជាដៃគូ ជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ ។ ការសិក្សាវាយតម្លៃរបស់ធនាគរពិភពលោក កាលពីឆ្នាំ២០១៥ បង្ហាញថាប្រជាជនខ្មែរប្រហែល ១% ប៉ុណ្ណោះ ដែលស្វែងរកការផ្តល់សេវាសុខភាព នៅក្រៅប្រទេស, ក៏មិនមែនជារឿងចម្លែកទេ នៅជប៉ុន អាមេរិក សូវៀតជាដើម ក៏ប្រជាជនគេស្វែងរក សេវាសុខភាពនៅក្រៅប្រទេសដូចគ្នា។

កម្ពុជាសម្រេចបានស្ទើរតែ ទាំងស្រុងនូវការកាត់បន្ថយ អត្រាមរណៈដោយជំងឺគ្រុនចាញ់ ៩៨% ដែលបាន ធ្លាក់ចុះពីចំនួន ៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹម ០១នាក់ក្នុងឆ្នាំ២០១៦។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងកំពុង ឲ្យតម្លៃទៅលើសុខភាព និងចាប់ផ្តេីមគិតគូរទទួលយកអាហារសេរីរាង្គ ដើម្បីបង្ការពីជំងឺផ្សេងៗ។ នៅក្នុងសម័យសង្គ្រាម និងក្រោយសង្គ្រាម យេីងហូបដេីម្បីរស់ ឥឡូវក៏យើងហូបដើម្បី រស់ដូចគ្នា ប៉ុន្តែដេីម្បីរស់បានយូរ។

រាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ក្នុងគោលដៅបន្តលើកកម្ពស់ គុណភាពសេវាសុខាភិបាល, ពង្រឹងជំនឿទុកចិត្តរបស់ ប្រជាជនលើសេវាសុខាភិបាលជាតិ តាមរយៈការលើកកម្ពស់ អភិបាលកិច្ចល្អ និងពង្រឹងសមត្ថភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ការយល់ដឹង របស់គ្រូពេទ្យ មន្ត្រីបុគ្គលិក សុខាភិបាល និងអ្នកប្រើប្រាស់សេវា ព្រមទាំង លើកកម្ពស់ភាព ជាដៃគូជាមួយវិស័យឯកជនក្នុងការ ផ្តល់សេវាសុខភាព។ រាជរដ្ឋាភិបាលបានចាត់ទុកការលើកស្ទួយ ស្ថានភាពសុភាពប្រជាពលរដ្ឋគ្រប់រូប គឺជាអទិភាពខ្ពស់មួយក្នុងការវិនិយោគ ធនធានក្នុងវិស័យសង្គមកិច្ច។

វិស័យសុខាភិបាលមានទំហំចំណាយ ថវិកាច្រើនណាស់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះឆ្នាំចំណាយ​ចរន្ត​នៃ​ថវិកា​ជាតិឆ្នាំ២០១៤ មានទឹកប្រាក់ប្រមាណ ៨២៥លានរៀល ស្មេីនឹង ១៤.៣% នៃថវិកាជាតិ; ឆ្នាំ២០១៥ ប្រមាណ ៩៥៩លានរៀល ស្មើនឹង ៥.៦% នៃថវិកាជាតិ និងឆ្នាំ២០១៦ កើនដល់ ១.០២៧លានរៀល ស្មើនឹង ៨.៦% នៃថវិកាជាតិ។រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ អភិវឌ្ឍធនធានមនុស្សុ ក្នុងវិស័យសុខាភិបាល សំដៅឆ្លើយតបនឹងតម្រូវការ ជាអទិភាពនានាជូនប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស់កាត់បន្ថយថ្លៃ ដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលពី ៦០ម៉ឺនរៀល មកនៅត្រឹមតែ ១០ម៉ឺនរៀល ដើម្បីផ្តល់លទ្ធភាពថែមទៀតឲ្យនិស្សិតក្រីក្រ។  សម្តេច ក៏បានកែសម្រួលអាយុកំណត់ប្រឡងចូលក្របខណ្ឌពីអាយុ ៣០ឆ្នាំ ទៅអាយុ ៣៥ឆ្នាំ សម្រាប់វេជ្ជបណ្ឌិតឯកទេស ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ និងបានរៀបចំបញ្ចូលក្របខណ្ឌវេជ្ជបណ្ឌិត ឯកទេសទាំងអស់ ដែលមិនទាន់បានបញ្ចូលទាំងអស់។ សម្តេច ថែមទាំងបានផ្តល់ឱកាស តែងតាំងគ្រូពេទ្យឯកទេស មួយចំនួនដែលបានចូលនិវត្តន៍ហើយ ឲ្យមានមុខងារនយោបាយ ដោយអនុញ្ញាតឲ្យពួកគាត់ ទៅបម្រើការនៅមន្ទីរពេទ្យណាមួយ។

លោកក៏សូមនិស្សិតយើងទាំងអស់ ដាក់កំណត់ខ្លួនឯងក្នុងការសិក្សា និងការចាប់យកជំនាញ (អាជីពទេវតា) នេះ ឲ្យបានខ្លាំង ឲ្យបានពូកែ; និស្សិតពូកែ​ គ្រូពេទ្យពូកែ ហេីយប្រជាពលរដ្ឋយើងច្បាស់ ជាមានសុខមាលភាព កាន់តែប្រសើរ។ ដរាបណាសម្តេចតេជោ នៅតែជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស សម្តេចនៅតែបន្តផ្តល់ អាហារូបករណ៍ដល់និស្សិត ដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១។

ជាមួយគ្នានោះ លោក ហ៊ុនបម៉ាណែត ក៏សូមថ្លែងអំណរគុណជានិច្ច ចំពោះកិច្ចខិតខំនានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្នុងវិស័យនេះ និងសូមកោតសរសើរជានិច្ចចំពោះ តម្លៃនៃការលះបង់របស់ ក្រុមគ្រូពេទ្យទាំងអស់និងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានព្រមព្រៀង ចុះអនុសារណៈជាមួយសមាគម TYDA សំដៅសហការល្អក្នុងការផ្តល់សេវាសុខភាព ជូនប្រជាជន និងការផ្តល់ឱកាសឲ្យនិស្សិត យើងបានចូលរួមជួយសង្គម និងការដកបទពិសោធន៍ការងារ បានចូលរួមស្ម័គ្រជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ក៏ដូចជាសមាគមនានា ក្នុងការចូលរួមជួយដល់ សង្គមជាតិ និងប្រជាជនតាមរយៈរូបភាព​​ និងសកម្មភាព មនុស្សធម៌ផ្សេងៗ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top