Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក នេត សាវឿន ប្រាប់នគរបាលធ្វើម៉េច កុំឲ្យមានពាក្យចោទថា បំភិតបំភ័យ នៅថ្ងៃបោះឆ្នោត

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្ដែផ្ដាំ ទៅស្នងការនគរបាលទូទាំងរាជធានី-ខេត្ត ត្រូវធានាឲ្យបាននូវភាពស្ងប់ស្ងៀម មុនពេល និងក្នុងថ្ងៃ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចៀសវាងមានការចោទប្រកាន់ថា មានការបំភិតបំភ័យ និងគំរាមកំហែង ក្រោយពេលបោះឆ្នោតរួច ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខពេលឃោសនា បោះឆ្នោត និងពេលបោះឆ្នោត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា កិច្ចប្រជុំនាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យស្នងការនគរបាលទូទាំងប្រទេស ត្រូវផ្តោតលើការទទួលខុសត្រូវបន្ថែម លើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។

លោក គៀត ច័ន្ទថារិទ្ធ បានបន្ថែមនូវសម្តី របស់អគ្គស្នងការនគរបាលជាតិទៀតថា “ស្នងការនគរបាល រាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវធ្វើយ៉ាងណាធានា ឲ្យបាននូវភាពស្ងប់ស្ងាត់ ទាំងមុនថ្ងៃការបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោត ត្រូវបានបញ្ចប់ដោយធ្វើយ៉ាងណា កុំឲ្យមានការចោទប្រកាន់ ឬលើកឡើងថា មានការបំភិតបំភ័យគំរាមកំហែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់” ។ 

លោកបន្តថា នាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យកងកម្លាំងនគរបាលជាតិត្រូវត្រៀម លក្ខណៈទប់ស្កាត់ឲ្យបាន ទាន់ពេលវេលារាល់បទល្មើស ដែលគណបក្សនយោបាយ អាចយកទៅបកស្រាយពីរឿងធម្មតា ទៅជារឿងនយោបាយ ។ ដូច្នេះរាល់រឿងហេតុទាំងអស់ ដែលកើតឡើងនៅតាមមូលដ្ឋាន ត្រូវធ្វើការដោះស្រាយឲ្យបានទាន់ ពេលវេលានឹងមានឯកសារគ្រប់គ្រាន់ ដើម្បីធ្វើការបកស្រាយ ប្រសិនបើមានការចោទប្រកាន់ណាមួយនោះ ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គ្រប់គណបក្សនយោបាយទាំងអស់ ចាប់ផ្ដើមឃោសនារកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ហើយការបោះឆ្នោតនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top