Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាជ្ញាធរភ្នំពេញ អនុញ្ញាតឲ្យបក្សនយោបាយ ឃោសនា នៅលើផ្លូវហាមឃាត់

ភ្នំពេញ៖ មុនមួយថ្ងៃនៃការហែរក្បួន ឃោសនារកសំឡេងឆ្នោត លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាង គណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យ ឃោសនានៅតាម ផ្លូវសំខាន់ៗក្នុងរាជធានី ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព លើវិថីសំខាន់ដែលមាន ការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន ។  

ក្រោយបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រជុំ ភាគីទាំងអស់បានយល់ ព្រមឲ្យតំណាងរបស់ខ្លួន ប្រចាំការរួមគ្នានៅទីបញ្ជាការស្រាល ឬហៅថាក្រុមប្រចាំការ ស្ថិតនៅទីស្នាក់ការ គណៈកម្មាការរៀបចំ បោះឆ្នោតរាជធានីភ្នំពេញ ហៅថា PEC ដើម្បីរួមគ្នាដោះស្រាយ និងសម្រេចលើបញ្ហាណាមួយ ដែលបានកើតឡើង នៅក្នុងយុទ្ធនាការ ស្វែងរកសំឡេងឆ្នោត ។

លោកបន្តថា សម្រាប់ការដង្ហែក្បូនឃោសនាវិញ ចំពោះតម្រាយផ្លូវទាំង៩ខ្សែ ដែលសាលារាជធានីភ្នំពេញ ចេញលិខិតផ្ញើទៅ គ.ជ.ប កាលពីពេលថ្មីៗ ដែលហាមមិនឲ្យ ដង្ហែក្បូនឆ្លងកាត់នោះ ក្រោយបញ្ចប់ពិភាក្សាភាគីទាំង២ បានឯកភាពគ្នាដោយអនុញ្ញាត ឲ្យក្បូនបានឆ្លងកាត់នៅពេល ដែលគណបក្សនយោបាយនោះ បានដាក់លិខិតជូនដំណឹង និងលិខិតស្នើសុំទៅ សាលារាជធានីភ្នំពេញជាមុន ។

ដោយឡែក សួនច្បារទាំង៧កន្លែង នៅតែមិនអនុញ្ញាតឲ្យ មានការដង្ហែក្បូន ឬជួបជុំដូចបញ្ជាក់នៅ ក្នុងលិខិតរបស់ សាលារាជធានីភ្នំពេញ ដែលបានចេញរួមមកហើយនោះ។ ត្រង់ចំណុចនេះលោក មេត មាសភក្ដី បានពន្យល់ថា ការហាមឃាត់នេះ ដោយអាជ្ញាធររាជធានីភ្នំពេញ ទុកឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីរាប់ម៉ឺននាក់ សម្រាប់ដើរលេងកំសាន្ដ ហាត់ប្រាណ ឬលំហែកាយជាដើម។ ដោយឡែក ការឃោសនានៅតាមផ្សារទាំង៦ ដែលសាលារាជធានីភ្នំពេញ ហាមឃាត់នោះត្រូវបានអង្គប្រជុំកែប្រែ ដោយអនុញ្ញាតឲ្យក្បូន ឃោសនាហែរកាត់ ប៉ុន្ដែហាមហែរជុំវិញបរិវេណផ្សារ ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ចំពោះផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ តំណាងគណបក្សនយោបាយ ត្រូវបានអនុញ្ញាតឲ្យចែកខិតប័ណ្ណ ឬឧបករណ៍ដែលអាច ឃោសនាបានចូលទៅក្នុងផ្សារ ត្រឹមតែមួយថ្ងៃ ហើយមិនឲ្យលើសពី១០នោះទេ។ សម្រាប់មេក្រូ ឬឧឃោសនាស័ព្ទ មិនត្រូវបានអនុញ្ញាតឲ្យ នាំចូលទៅក្នុងផ្សារ ប៉ុន្ដែអាចផ្សព្វផ្សាយជាទូទៅ នៅទីតាំង ឬរោងនៃជ្រុងណាមួយរបស់ផ្សារ ហើយអាជ្ញាធរ នឹងផ្ដល់ជូនឧបករណ៍ សម្រាប់ឃោសនាទាំងនេះជូន។

អ្នកនាំពាក្យបានបន្ដថា ពាក់ព័ន្ធការបិទខិតប័ណ្ណ នៅតាមបង្គោលភ្លើង និងដើមឈើ ត្រូវបានហាមឃាត់ ហើយចង់ប៉ាន់ណូ ឬបដា ឬខិតប័ណ្ណស្ដីពីការឃោសនា តំណាងគណបក្សនយោបាយ ត្រូវស្នើសុំមកសាលារាជធានីភ្នំពេញ ពេលនោះសាលារាជធានីភ្នំពេញ នឹងពិនិត្យមើលទីតាំងទាំងនោះជូន តែបើមានការប៉ះពាល់ នឹងមិនអនុញ្ញាតឲ្យឡើយ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top