Saturday, Nov 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គណបក្សនយោបាយ ត្រូវបិទបាំងស្លាកគណបក្ស នៅថ្ងៃបោះឆ្នោត

ភ្នំពេញ៖អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ប.ជ) លោក ទេព នីថា បានប្រកាសថា គណបក្សនយោបាយទាំងអស់ ត្រូវបិទបាំងស្លាកគណបក្សរបស់ខ្លួន នៅថ្ងៃបោះឆ្នោត នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ក្នុងឱកាស ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ លោក ទេព នីថា បានថ្លែងថា “បដាមួយចំនួនដែលមានពីមុន គ.ប.ជ អត់ហាមឃាត់នោះទេ។ ប៉ុន្ដែរូបសញ្ញាគណបក្ស ឬសំភារៈឃោសនា របស់គណបក្ស ដែលបានធ្វើនៅពេលឃោសនាបោះឆ្នោត សូមឲ្យគណបក្ស ចប់កម្មវិធីឃោសនាបោះឆ្នោត ហើយត្រូវដកចេញវិញ។ ចំពោះស្លាកសញ្ញាគណបក្ស ដែលនៅទីតាំងអចិន្រ្តៃយ៍ របស់គណបក្សហ្នឹង សូមឲ្យគាត់គ្រប ឬបិទបាំង នៅពេលថ្ងៃបោះឆ្នោត”។ លោកបន្ដទៀតថា គ.ជ.ប មានគោលការណ៍ ច្បាស់លាស់ហើយ គណបក្សត្រូវសហការគ្នា និងអនុវត្តន៍ឲ្យបានល្អ។ លោកថា ប្រសិនបើអាជ្ញាធរមួយចំនួន យកម៉ោងការងារ ទៅឃោសនាឲ្យគណបក្សណាមួយ គ.ជ.ប នឹងមានចាត់វិធានការ នៅពេលមានបណ្តឹង របស់ប្រជាពលរដ្ឋ និងពីគណបក្សនយោបាយណាមួយ។

លោក ទេព នីថា បន្ថែមថា វិធានការទាំងនេះ ធ្វើឡើងដើម្បីរក្សាសន្ដិភាព ស្ថិរភាព និងប្រយោជន៍ គណបក្សនយោបាយ និងពលរដ្ឋ។គ.ប.ជ អំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ត្រូវយោគយល់គ្នា និងអព្យាស្រ័យគ្នា ក្នុងពេលហែក្បួនឃោសនា នៅពេលជួបគ្នា ។

ចំណែកលោក  ឯម សូរីដា សមាជិក គ.ប.ជ បានឲ្យដឹងដែរថា ការរៀបចំដំណើជាក្បូនមានបិទបដា ពាក្យស្លោក សារនយោបាយភ្ជាប់នឹងរថយន្ដ ឬទោចក្រយានយន្ដ ឬត្រីចក្រយានយន្ដ និងមានការចាត់ផ្សាយដោយឧគ្ឃោសនស័ព្ទ។ លោកថា  ចំនួនអ្នកចូលរួមមានចាប់ពី ១០នាក់ឡើងទៅ ដោយប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ក្នុងការឃោសនាបោះឆ្នោត។ លោកបន្ដទៀតថា គណបក្សនយោបាយ ត្រូវផ្ដល់ដំណឹង ឲ្យអ្នកសារព័ត៌មានពីគណបក្សខ្លួន ឃោសនាបោះឆ្នោតនៅកន្លែងណា ដើម្បីងាយស្រួលយក អ្នកព័ត៌មាន ផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងកាន់តែច្បាស់ ចំពោះគោលនយោបាយ របស់គណបក្សនីមួយៗ ។

សួមបញ្ជាក់ថា  យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាត ឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។
ការបោះឆ្នោត ឃុំ -សង្កាត់  មានគណបក្ស នយោបាយចំនួនពីរ បានដាក់បេក្ខជន ឈរឈ្មោះរបស់ខ្លួនគ្រប់ ឃុំ-សង្កាត់ ទូទំាងប្រទេស គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ចំនួន១៦៤៦ ឃុំ-សង្កាត់ ។

សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប បានទទួលចុះបញ្ជី បេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន១២ ដែលសរុបបេក្ខជន ទំាងអស់មានចំនួន ៦១១៦នាក់ នៅទូទាំងប្រទេស៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top