Sunday, Jun 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បន្ថែមដើមទុន រហូត១៥លានដុល្លារ លើដើមទុនមានស្រាប់

ភ្នំពេញ៖ ហត្ថកសិករ លីមីតធីត ដែលជាំគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជា បានបន្ថែមដើមទុនថ្មី ១៥លានដុល្លារអាមេរិក ដែលធ្វើឲ្យមូលធន របស់ភាគទុននិក សរុបកើនឡើងដល់ ៨៤,៧លានដុល្លារ ក្នុងនោះមានដើមទុន ចុះបញ្ជីជាមួយធនាគារជាតិ នៃកម្ពុជា ចំនួន២១,៨លានដុល្លារ ។

នៅក្នុងកម្មវិធីសន្និសីទ សារព័ត៌មាន ស្តីពីការបង្កើនដើមទុននេះ បានប្រព្រឹត្តឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា ក្រោមសក្ខីភាព ដ៏ខ្ពង់ខ្ពស់ នៃក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រង់ជាន់ខ្ពស់ បុគ្គលិក និងតំណាង មកពីធនាគារអាយុធ្យា (ឬធនាគារក្រុងស្រ៊ី)​ ដែលជាក្រុមហ៊ុន អាណាព្យបាល ព្រមទាំងអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយ សំខាន់ៗជាច្រើន ។

លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានលើកឡើង ពីប្រវត្ថរបស់ស្ថាប័ន ប្រតិបត្តិការ អាជីវកម្ម និងសមិទ្ធផល សម្រេចបាន គួរឲ្យកត់សម្គាល់ គិតចាប់តាំងពីការកកើត នាដើមទសវត្សរ៍ទី៩០ រហូតមកដល់បច្ចុប្បន្ន ក្នុងនោះលោកបាន មានប្រសាសន៍ថា "ដំបូងឡើយហត្ថាកសិករ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទាន ខ្នាតតូចបំផុត ដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ក្នុងឃុំចំនួន៤ នៃខេត្តពោធិ៍សាត់ នៅឆ្នាំ១៩៩៤ ។ ជាមួយនឹងបទពិសោធន៍ ដ៏ចាស់ទុំជាង ២ទសវត្សរ៍កន្លងមក ហត្ថាកសិករ បានក្លាយជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ធំលំដាប់ថ្នាក់លេខ៣ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ សេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែប ដល់អតិថិជន ប្រភេទផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា" ។

លោកបានបន្តថា "ដើមទុនថ្មី ១៥លានដុល្លារនេះ នឹងជួយឲ្យហត្ថាកសិករ បន្តការរីកលូតលាស់ ព្រមទាំងរក្សា ជំហរដ៏រឹងមាំ របស់ខ្លួនក្នុងទីផ្សារ ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងចូលរួមចំណែក បំពេញចក្ខុវិស័យ របស់យើង ក្នុងការលើកកម្ពស់ ជីវភាពប្រជាជនកម្ពុជា ចេញពីភាពក្រីក្រ ជាពិសេសជម្រុញ ខឿនសេដ្ឋកិច្ចជាតិ" ។

ក្នុងនោះលោក Sudargo Harsono អនុប្រធាន អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ នៃធនាគារក្រុងស្រ៊ី និងជាប្រធាន ក្រុមប្រឹក្សាភិបាល របស់ហត្ថាកសិករ បានលើកឡើងថា " ដោយមើលឃើញ ឱកាសវិនិយោគដ៏ធំ នៅក្នុងទីផ្សារកម្ពុជា ជាពិសេសទៅលើ ចំណែកទីផ្សារ ដែលមិនទាន់បាន​បំពេញ​ តម្រូវការនៅឡើយ ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែធានា នូវសន្ទុះនៃការរីកចម្រើន ឥតឈប់ឈ របស់ហត្ថាកសិករនោះទេ ប៉ុន្តែវានឹងជួយ ឲ្យហត្ថាកសិករ មានដើមទុន គ្រប់គ្រាន់សម្រាប់ពង្រីក អាជីវកម្មរបស់ខ្លួន ដូចជាការបង្កើត ផលិតផលថ្មី ដើម្បីផ្តល់ជូន អតិថិជនទៅតាមតម្រូវការ"​ ។

សូមរំលឹកថា ហត្ថាកសិករ មានបណ្តាញប្រិបត្តិការ នៅគ្រប់ខេត្តរាជធានី ទូទាំងប្រទេសកម្ពុជា ដែលកំពុងផ្តល់សេវា ហិរញ្ញវត្ថុជាច្រើនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាប្រមូលសាច់ប្រាក់ និងសេវាធានារ៉ាប់រង ខ្នាតតូច ដើម្បីបំពេញ ទៅតាមតម្រូវការ ផ្សេងៗរបស់អតិថិជន៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top