Thursday, Nov 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សមាគម អ្នកលក់ឱសថកម្ពុជា រៀបចំពិធី បិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់អ្នកលក់ឱសថស្ថាន និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាម

ភ្នំពេញ៖ សមាគម អ្នកលក់ឱសថកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធី បិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់អ្នកលក់ ឱសថស្ថាន និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាម ក្រោយធិបតីភាព របស់លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងសំណាក់ម្ចាស់ ឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅ សាលារាជធានីភ្នំពេញ ។

ដោយមានការរៀបចំ ពីសមាគមអ្នកលក់ឱសថកម្ពុជា សហការបច្ចេកទេស ជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រសួងសុខាភិបាល រាជធានីភ្នំពេញ ដោយមានការគាំទ្រពី រដ្ឋាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានរៀបចំពិធីបិទវគ្គ "បណ្តុះបណ្តាលមូលដ្ឋាន សម្រាប់អ្នកលក់ឱសថស្ថាន" និងបានប្រគល់ វិញ្ញាបនបត្រ មូលដ្ឋាន ដល់សិក្ខាកាម ដោយវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបង្កើន នូវចំណេះដឹង ដល់អាជីវករលក់ឱសថ និងដើម្បីឆ្លើយតប ទៅនឹងគោលការណ៍ អនុវត្តន៍ល្អ ក្នុងសេវាកម្មឱសថ(GPP) របស់ក្រសួងសុខាភិបាល និងជាការយកចិត្តទុកដាក់ គិតគូពីសុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ ក៏ដូចជាបង្ការ គ្រោះថ្នាក់ជាយថាហេតុ ផ្តើមចេញពីការប្រើប្រាស់ឱសថ ។

លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានី បានមានប្រសាសន៍ថា "ខ្ញុំសូមលើកទឹកចិត្ត សូមឲ្យវិស័យឯកជន និយាយជារួម ដោយឡែកផ្នែកលក់ឱសថ ឬលក់គ្រឿងសម្អាងនានា នៅក្នុងរាជធានីភ្នំពេញយើង ត្រូវតែពង្រឹងថែមទៀត ត្រូវតែយកចិត្តទុកដាក់ថែមទៀត ត្រូវតែបង្កើន នូវសមត្ថភាព និងគុណធម៌ថែមទៀត ដើម្បីឲ្យយើង បានក្លាយទៅជាតួអង្គ ដែលមានសារៈសំខាន់ នៅក្នុងសង្គមផង ។ លោកបានបន្ថែមថា "សង្គមមួយនេះ មិនអាចបានល្អនោះទេ ប្រសិនបើសមាជិក នៃសង្គមនោះមិនចូលរួម" ។
 
ក្នុងនោះលោកបណ្ឌិត ឡី សុភាព ប្រធានសមាគម អ្នកលក់ឱសថកម្ពុជា ក៏បានថ្លែង អំណរគុណ ចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេល ដ៏មានតម្លៃ ចូលរួម និងឆ្លៀតឱកាស ផ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះអាជ្ងាធរ ដែលដីគ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ និងសហការល្អ ជាពិសេស ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឪសថ និងតំណាងមូលដ្ឋាន អាជីវកម្មលក់ឱសថ អាហារបំប៉នសុខភាព និងគ្រឿងសម្អាង ក្នុងរាជធានីភ្នំពេញផងដែរ ។

សូមរំលឹកថា ការប្រគល់វិញ្ញាបនប័ត្រ បានប្រគល់ជូន សិក្ខាកាម ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅ រយៈពេល៥ខែ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ រហុតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ហើយមុខវិជ្ជាសម្រាប់ ធ្វើការបណ្តុះបណ្តាលរួមមាន ផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្ត្រ សុទ្ធសឹងតែមាន សារៈប្រយោជន៍ ចំពោះអាជីវករ​ លក់ឪសថទាំងអស់ ។ ដោយឡែកវគ្គបណ្តុះបណ្តាល រួមមាន២វគ្គ ក្នុងនោះវគ្គទី១ មានសិក្ខាកាម ២៦២នាក់ និងវគ្គទី២ មានសិក្ខាកាម​៣៩១នាក់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top