Thursday, Nov 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទីតាំងអភិរក្ស បេតិកភណ្ឌដែលរៀបចំ ដោយអាជ្ញាធរជាតិអប្សរា នៅមុខអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជិត៥ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៥ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយជាទីបំផុត ដែលមហាគ្រួសារខ្មែរបាន មកជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើរកម្សាន្តសប្បាយ និងបានស្វែងយល់ពីកិច្ចការអភិរក្ស និងការជួសជុលបេតិកភណ្ឌផង នៅរមណីយដ្ឋានអង្គរ។

ក្នុងអង្គរសង្ក្រាន្តឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំទីតាំង អភិរក្សបេតិកភណ្ឌនៅមុខប្រាសាទអង្គរវត្ត ដែលចែកចេញជា៣ផ្នែក៖ ផ្នែកទី១ បង្ហាញពីការអភិរក្ស ជួសជុល ថែទាំងប្រាសាទក្នុងរមណីយអង្គរ ដោយអាជ្ញាធរជាតិអប្សរា និងប្រាសាទនៅរមណីយដ្ឋានព្រះវិហារ ដោយអាជ្ញាធរជាតិ ព្រះវិហារតាមរយៈរូបថត និងការកសាងប្រាសាទ ដោយបុព្វបុរសខ្មែរ តាមរយៈរូបចម្លងតូចៗ។ ផ្នែកទី២ បង្ហាញពីប្រាសាទចម្លងរបស់ ហោត្រៃខាងជើងប្រាសាទព្រះខ័នពីស្ថានភាពខូចខាត ស្ថានភាពហោត្រៃមុន និងក្រោយជួសជុល ការកាត់ថ្ម ការព្យាបាលថ្ម និងបច្ចេកទេសរៀបថ្ម ការចល័តថ្មនិងដាប់ព្រាងថ្មថ្មី រោងជាងជួសជុលសម្ភារៈចម្លាក់ថ្ម និងកិច្ចការកំណាយ បុរាណវិទ្យា។ល។ ផ្នែកទី៣ បង្ហាញពីទីតាំងកម្សាន្ត មានរាំងស្គរដៃ លេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ វាយក្អមជាដើម។

ទីតាំងនេះបានទាក់ទាញនូវ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ តាមការបញ្ជាក់ពីលោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានប្រាប់ថា តួលេខភ្ញៀវចូលទស្សនារយៈពេល៣ថ្ងៃ នៅទីតាំងអភិរក្សបេតិកភណ្ឌបានប្រមាណជា៤៩៦០៥នាក់ ដែលនេះជាជោគជ័យ ច្រើនជាងឆ្នាំណាៗទាំងអស់។ 

លោក ទិន ទីណា បញ្ជាក់ថា គោលបំណងនៃការរៀបចំទីតាំងអភិរក្សបេតិកភណ្ឌ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាតាមរយៈអាជ្ញាធរជាតិអប្សរា សមិទ្ធផលនានាផ្នែកអភិរក្ស ជួសជុលបេតិកភណ្ឌដោយអាជ្ញាធរអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ការយកចិត្តទុកដាក់និងកិច្ចសហការពីស្ថាប័ន អន្តរជាតិជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្ស ជួសជុលមរតកវប្បធម៌ជាតិ ជាង២០ឆ្នាំ។ ក្នុងនោះក៏បង្ហាញពីការលើកតម្លៃបេតិកភណ្ឌ ព្រមទាំងផ្តល់ឱកាសឱ្យភ្ញៀវជាតិ-អន្តរជាតិដែល ចូលមកទស្សនាអង្គរសង្ក្រាន្ត២០១៧ បានយល់ដឹងអំពីបច្ចេកទេសក្នុងការអភិរក្ស ជួសជុលប្រាសាទផងដែរ និងជំរុញឱ្យប្រជាជនគ្រប់តំបន់ ចូលរួមចំណែកថែរក្សាបេតិកភណ្ឌ របស់ខ្លួនឱ្យបានល្អប្រសើរទាំងអស់គ្នា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top