Thursday, Nov 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្នុងត្រីមាសទី១ អាជ្ញាធរបង្ក្រាបគ្រឿងញៀន ជាង៧០០ករណី ចាប់ខ្លួនជនសង្ស័យជិត២ពាន់នាក់

ភ្នំពេញ៖ សម្រាប់ត្រីមាសទី១នេះ អាជ្ញាធររជធានីភ្នំពេញ បង្ក្រាបករណីគ្រឿងញៀនបានជាង៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់ ដើម្បីចាត់ការទៅតាមច្បាប់ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសានេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបលើករណីគ្រឿងញៀនបានចំនួន៧៥៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបាន១៨៥៤នាក់ ស្រី២៤៤នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន១៧៩៩នាក់ ស្រី២២២នាក់ ជនជាតិវៀតណាម៤៩នាក់ ជនជាតិនីសេរីយ៉ា៣នាក់ និងជនជាតិម៉ាឡេស៊ី១នាក់។ 

លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀនទៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន១៣៤៥នាក់ ស្រី១១០នាក់ បញ្ជូនទៅកាន់តុលាការចំនួន៩៣២នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញចំនួន១០៧នាក់ ស្រី២នាក់ បញ្ជូនទៅអោយគ្រួសារវិញចំនួន២៣៩នាក់ ស្រី១៥នាក់។

ចំពោះការបង្ក្រាបល្បែងស៊ីសងវិញ បង្ក្រាបបានចំនួន៥៤ករណី ឃាត់ខ្លួនមនុស្សចំនួន១៥៧នាក់ ស្រី៤១នាក់ និងដកហូតបានសម្ភារៈមួយចំនួន។ បង្ក្រាបការជួញដូរមនុស្សបានចំនួន១២ករណី ឃាត់ខ្លួនបាន១៤នាក់ ស្រី៦នាក់ និងបានបញ្ជូនជនរងគ្រោះ ដោយការជួញដូរមនុស្សនេះទៅមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញចំនួន១៩នាក់ ស្រី១៤នាក់។

លោកឃួង ស្រេងបានបន្តទៀតថា សម្រាប់ត្រីមាសទី១នេះដែរអាជ្ញាធររជធានីភ្នំពេញបានទទួលជនអនាថា មិនស្ម័គ្រចិត្តសរុប៤៤៧នាក់ ស្រី៩៨នាក់ កុមារ៣៧នាក់ កុមារី៩នាក់ ។ បានធ្វើការពិគ្រោះយោបល់ និងបញ្ជូនជនរងគ្រោះទៅមណ្ឌល សំចតសង្គមកិច្ចរាជធានីភ្នំពេញចំនួន៤៤៦នាក់ស្រី៩៨នាក់ បានបញ្ជូនទៅកាន់ស្នងការ នរគបាលរាជធានីភ្នំពេញចំនួន១នាក់ ជាជនជាតិបរទេស។ បានជួយពន្លត់អគ្គីភ័យបានចំនួន២៦លើក របួស២នាក់ ឆេះសិប្បកម្ម៥ខ្នង ៤៦បន្ទប់ រថយន្ត៤គ្រឿង ម៉ូតូ៤គ្រឿង។

ចំណែកគ្រោះថ្នាក់ចរាចរបានកើតមានឡើងចំនួន៣២២លើក មានអ្នកស្លាប់ចំនួន៧៥នាក់ របួសចំនួន៣០៧នាក់ ខូចរថយន្តចំនួន១៧៩គ្រឿង ម៉ូតូចំនួន៣២៣គ្រឿង និងរឺម៉កម៉ូតូចំនួន០៦គ្រឿង និងកង់ចំនួន០១គ្រឿង ហើយមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់នេះគឺផ្តើមចេញពីការបើកបរល្មើសល្បឿនកំណត់៥៣,១១% មិនគោរពសិទ្ធិអាទិភាព១៦;៧៤% បើកប្រជែងគ្នា១៦,២៨% បើកបរក្នុងជាតិស្រវឹង១៣,៨៧%។

ដោយឡែកសម្រាប់រយៈពេល៣សប្តាហ៍ ក្នុងខែមេសារនេះ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនបានចំនួន៧៤ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១៧២នាក់ ស្រី២៥នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន៨៣នាក់ ស្រី០៨នាក់ ស្របពេលដែលមជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនថ្នាំកំពុងស្នាក់នៅ ជាក់ស្តែងចំនួន១៦៧៥នាក់ ស្រី១២២នាក់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top