Sunday, Jun 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកវិភាគថា ជារឿងត្រឹមត្រូវ តាមផ្លូវច្បាប់ ដែល ជួប សម្លាប់ ប្ដឹងទៅឧទ្ធរណ៍ ដើម្បីសុំសម្រាលទោស

ភ្នំពេញ៖ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គម បានថ្លែងអះអាងថាករណីឈ្មោះអឿត អាង ហៅ ជួប សម្លាប់ សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍ ដើម្បីប្រឆាំង នឹងសាលក្រមសាលាដំបូង រាជធានីភ្នំពេញ ដែល ផ្តន្ទា ទោសដាក់ពន្ធនាគារអស់មួយជីវិត គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែប្រជាពលរដ្ឋហាក់ បីដូចជាមិន សុខចិត្ត ដែលជួប សម្លាប់ ជាប់ពន្ធនាគារតែម្នាក់ឯង ព្រោះករណីនេះអាចមានអ្នកពាក់ព័ន្ធ នៅពីក្រោយខ្នង។

លោក បណ្ឌិតមាស នី បានថ្លែងបែបនេះបន្ទាប់ពី មេធាវីការពារក្ដីជួប សម្លាប់ គឺ លោក យុង ផានិត បានថ្លែង ប្រាប់ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ថា លោកបានដាក់ ពាក្យបណ្ដឹង ឧទ្ធរណ៍កាលពីថ្ងៃទី២០ ខែមេសា តាមឆន្ទៈរបស់កូនក្តី ដោយសារជួប សម្លាប់ យល់ថា ទោសជាប់ពន្ធនាគារ អស់មួយជីវិត គឺធ្ងន់ធ្ងរពេកធ្វើឲ្យ គេគ្មានឱកាសកែប្រែកំហុសហើយគេសង្ឃឹមថា សាលាឧទ្ធរណ៍ នឹងផ្តល់ស្ថាន សម្រាលទោស ដល់រូបគេ ។

លោក បណ្ឌិតមាស នីបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២១ មេសានេះថា" បើនិយាយ ពីរឿងប្ដឹងឧទ្ធរណ៍ វាជាសិទ្ធិរបស់អ្នកជាប់ទោសទណ្ឌ គេតែងតែសុំឧទ្ធរណ៍ បើគេកើតទុកមិនសុខចិត្ត វាអត់ មានរឿងអី ដែលចម្លែកតាមផ្លូវច្បាប់ទេ តាមខ្ញុំយល់! ហើយបើរឿងកាត់ទោស ដាក់ពន្ធនាគារមួយជីវិត ប៉ុន្តែ រឿងហ្នឹងហាក់ដូចជាមានការសង្ស័យ មានអ្នកនៅពីក្រោយខ្នងអីច្រើន ក៏ប៉ុន្តែមានតែជួបសម្លាប់ម្នាក់ ឯងទទួល ទោសម្នាក់ឯង សាធារណជនយើងហាក់ដូចជាមិនទាន់ស្រណុកចិត្ត នៅឡើយសម្រាប់ការកាត់ទោសនេះ"។

គួរបញ្ជាក់ថា ជនជាប់ចោទ  ឈ្មោះ ជួប សម្លាប់ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្ម លើលោកបណ្ឌិត កែម ឡី ក្រោមការ ចោទប្រកាន់ពី បទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០០និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top