Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

វិចារណកថាៈឈ្មួញជិត២០នាក់ នៅខេត្តរតនគិរី បន្តដឹកជញ្ជូនឈើ ចេញទៅវៀតណាម

  ប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងបានលុង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឈ្មួញជិត២០នាក់ នៅតែ បន្តសកម្មភាព ដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងព្រំដែន ជាច្រើន កន្លែងទៀតក្នុងអូរយ៉ាដាវ ។ ចំណែកនៅតាមតំបន់ព្រំដែន ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី ក៏មាន សកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម យ៉ាងពេញបន្ទុកដោយពុំមានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុហើយទើបបទល្មើសកាប់ឈើក្នុងព្រៃសហគមន៍ ព្រៃអភិរក្ស ព្រៃដែន ជម្រកសត្វ ព្រៃការពារនិងឧទ្យានជាតិវីរៈជ័យ កំពុងកើតមានកាន់តែខ្លាំងក្លានៅដើមឆ្នាំ២០១៧នេះ។ ដូច្នេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ ព្រោះបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ កំពុងកើតឡើង យ៉ាងរាលដាលហើយបទល្មើស កាប់គាស់ឈូសឆាយព្រៃទន្រ្ទាន យកដីក៏នៅតែកើតមាន គួរឲ្យព្រួយបារម្ភដែរ នៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស។

  មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងប្រជាសហគមន៍ ការពារព្រៃឈើក្នុងស្រុកមួយចំនួន នៃខេត្តរតនគិរី បានឲ្យដឹង ថា ឈ្មួញធំៗជិត២០នាក់ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីត ចេញទៅវៀតណាម តាមច្រករបៀងភូមិភិ ច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលូន។ ចំណែកមន្រ្តីជំនាញនៅតាមផ្លូវជាតិលេខ៧៨ និងសមត្ថកិច្ចតាមច្រកព្រំដែន ក៏ដូចជាតាមច្រករបៀងមិនចាត់វិធានការ ទប់ស្កាត់បទល្មើសទៅតាមតួនាទី របស់ខ្លួននោះទេ ហេតុហើយទើបប្រជាពលរដ្ឋរិះគន់ចំៗថា មន្រ្តីជំនាញនិងសមត្ថកិច្ច ជាអ្នកឃុបឃិតបើកដៃ ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាម ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រសិនបើមន្រ្តីជំនាញ និងសមត្ថ កិច្ច ពាក់ព័ន្ធបំពេញការងារត្រឹមត្រូវ តាមតួនាទីរបស់ខ្លួននោះគឺ ឈ្មួញមិនៃអាចដឹកជញ្ជូន ឈើចេញទៅវៀត ណាមយ៉ាងពេញបន្ទុកបានឡើយ ហើយមានការបង្រ្កាបជាប្រចាំផងដែរ។

  ប្រពភពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា ឈ្មួញដែលបន្តសកម្មភាពដឹក ជញ្ជូនឈើចេញតាមច្រកព្រំដែន និងច្រក របៀងក្នុងខេត្តរតនគិរី មានដូចជា យាយអ៊ូក យាយអ៊ី ស្រីលក្ខណ៍ ស្រីម៉ី ចាន់ធី តាដូង ស្រីណែត ស្រីដា ស្រីម៉ុជ ស្រីខូច ចែណាន ឈ្មោះណូ ឈ្មោះប៉ែត និងឈ្មួញជាច្រើននាក់ទៀត ។ ក្នុងចំណោមឈ្មួញទាំងនេះ មានឈ្មួញខ្លះប្រកបរបរដឹងជញ្ជូនឈើ យកទៅលក់នៅវៀតណាម រយៈពេល១០ទៅ២០ឆ្នាំ មកហើយ មិនដែល មានមន្រ្តីជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់វិធានការ បង្រ្កាបពួកគេនោះទេ។ ផ្ទុយទៅវិញមន្រ្តីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធបានចាត់ទុកឈ្មួញទាំងនេះ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនហ៊ានចាត់វិធានការ បង្រ្កាបព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ។ ជាងនេះទៅទៀតមានឧកញ៉ា និងមន្រ្តីប្រដាប់អាវុធមួយចំនួន ក៏ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រករបៀងនៅច្រកព្រំដែន ក្នុងខេត្តរតន គិរី យ៉ាងរលូនដែរ។

 ប្រភពពីប្រជាសហគមន៍ ការពារព្រៃឈើក្នុងស្រុកវ៉ើនសៃ បានឲ្យដឹងថា ព្រៃសហគមន៍ ព្រៃអភិរក្សនិងព្រៃ ការពារ ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុង រងការបំផ្លាញយ៉ាងពេញបន្ទុក ដោយពុំមានមន្រ្តីជំនាញ ឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា មានមន្រ្តីអាវុធហត្ថស្រុកវ៉ើនសៃម្នាក់ គឺជា ឈ្មួញ ប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់ច្រើនឆ្នាំ មកហើយដោយពុំមានមន្រ្តី ជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធចាត់វិធានការបង្រ្កាបនៅឡើយ។ មន្រ្តីអាវុធហត្ថម្នាក់នោះ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដឹកជញ្ជូន ឈើពីស្រុលវ៉ើនសៃចូលក្រុងបានលុង យ៉ាងគគ្រឹកគគ្រេងជាពិសេស នៅពេលយប់ដោយពុំមាន ឧបសគ្គអ្វី ទាំងអស់។ ហេតុនេះហើយទើបប្រសៃ ជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកវ៉ើនសៃ ព្រួយបារម្ភយ៉ាង ខ្លាំង ចំពោះវិនាសកម្មព្រៃឈើក្នុងមូលដ្ឋានពួកគាត់ព្រោះមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្រ្កាបបទល្មើសឡើយ។

  នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ក៏មានបទល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើខុសច្បាប់កើតឡើង យ៉ាងរាល ដាលដែរ ព្រោះមានការឃុបឃិតពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតគូរតែរឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន ។ ជាពិសេសតំបន់ដែនជ្រកសត្វព្រៃលំផាត់ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី បទល្មើស កាប់ឈើកំពុងកើតឡើងយ៉ាអនាធិបតេយ្យ ដោយគ្មានការបង្រ្កាបពីមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើ ឡើយ ។ មិនតែប៉ុណ្ណោះប្រភពពីមន្រ្តីអាជា្ញធរមូលដ្ឋាន និងប្រជាសហគមន៍ការពារព្រៃឈើក្នុង ឃុំជ័យឧត្តម ស្រុក លំផាត់ បានឲ្យដឹងថា មន្រ្តីបរិស្ថានមួយចំនួន គឺជាឈ្មួញប្រមូលទិញឈើ និងស្តុកឈើដោយគ្មានញញើត អ្វីទាំង អស់ព្រោះគ្មាននរណាហ៊ានប៉ះពាល់ពួកគេឡើយ។ ឈ្មួ្មញមួយចំនួនសដឹកជញ្ជូន ឈើចេញពីតំបន់ដែន ជម្រក សត្វព្រៃលំផាត់ ចូលទៅក្រុងបានលុង ហើយឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅវៀតណាមទាំងយប់ ទាំងថ្ងៃ ដោយពុំមានការបង្ក្រាបពីមន្រី្តជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ ហេតុនេះហើយទើបឈ្មញជិត២០នាក់ ក្នុងខេត្តរតនគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម តាមអំពើចិត្តព្រោះមានការឃុបឃិត ជាប្រព័ន្ធតែម្ដង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top