Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជានឹងទទួលបាន ការគាំទ្របន្ថែម ពីលេខាធិការដ្ឋាន ពង្រឹងក្របខណ្ឌ សមាហរណកម្ម

ភ្នំពេញ៖ លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃក្របខណ្ឌសមាហរណកម្ម (EIF)នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជានាឱកាសនៃកិច្ចប្រជុំតុមូលចិនលើកទី ៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧បានសន្យាផ្តល់ការគាំទ្រដល់ស្ថានបេសកម្មអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា
លោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើដល់ក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំតុមូលចិន លើកទី ៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើនឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន័គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព ដែលមានគោលបំណងផ្សារភ្ជាប់ភាពខ្វះខាត ក្រោយពីគម្រោងរបស់ EIF មួយចំនួនត្រូវបានបញ្ចប់។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការគាំទ្ររបស់ EIF ក្នុងការបង្កើតសាលាបង្រៀនធ្វើម្ហូបរបស់កម្ពុជា ដែលបានអនុវត្តន៍ក្រោមក្របខណ្ឌភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP)។ បច្ចុប្បន្ន កំពុងធ្វើការបណ្តុះបណ្តាលយុវជន-យុវនារីកម្ពុជា ដើម្បីធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top