Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីពិភាក្សា ស្ដីពីវិធានការបង្ការ ទប់ស្កាត់សកម្មភាព ភេរវកម្ម

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ដើម្បីពិភាក្សាស្ដីពីវិធានការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម និងពិនិត្យលើការងារអនុវត្ដ ភូមិ-សង្កាត់មានសុវត្ថិភាព។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថាវិធានការអប់រំ ផ្សព្វផ្សាយ ស្ដារ និងវិធានការច្បាប់បានអនុវត្ដកន្លងមកចំពោះបទល្មើសគ្រឿងញៀន ចរាចរណ៍ អគ្គីភ័យ... គឺដើម្បីធានាឱ្យបាននូវស្ថិរភាពសង្គម ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងដើម្បីដោះស្រាយបញ្ហាប្រឈមដែលត្រូវមានវិធានការបង្ការទប់ស្កាត់។ ក្នុងនោះ ភូមិ-សង្កាត់មានសុវត្ដិភាពជាគោលនយោបាយសំខាន់ក្នុងការការពារសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលគោលនយោបាយនេះ បានជំរុញនិងកំពុងបន្ដពង្រឹងការអនុវត្ដជាប្រចាំដើម្បីទប់ស្កាត់សកម្មភាពអសកម្មនានាផងដែរ។

ប្រភពដដែលបន្ថែមថាការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម ក៏ជាវិធានការដែលត្រូវឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រាជធានី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការគ្នា ដើម្បីកំណត់នូវមុខសញ្ញា ក្ដាប់ឱ្យបាននូវស្ថិតិបច្ចុប្បន្នភាព សកម្មភាពអសន្ដិសុខ សមាសភាពបណ្ដាញមុខសញ្ញាដែលមានការពាក់ព័ន្ធនឹងភេរវកម្ម ការតាមដាន ត្រួតពិនិត្យវាយតម្លៃសភាពការណ៍និងការងារមួយចំនួនទៀតដើម្បីពង្រឹងវិធានការការពារសន្ដិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជនបរទេស ព្រមទាំងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top