Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រឿងក្ដីបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាន់តែក្តៅគគុក ដោយសារជនជាប់ចោទ តទល់ជាមួយប៉ូលិស

ភ្នំពេញ៖សវនាការសួរដេញដោល ទៅលើជនជាប់ចោទ ដែលសមត្ថកិច្ច និងតុលាការ ចោទប្រកាន់ថា ជាអ្នកបាញ់សម្លាប់លោក ឧកញ៉ា អ៊ឹង ម៉េងជឺ នៅពុំទាន់បិទបញ្ចប់នៅឡើយទេ ។

ពេញមួយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការរឿងក្ដីនេះ រហូតដល់ល្ងាចថ្ងៃដដែល ទើបបញ្ចប់ការសួរដេញដោល ហើយនឹងបន្តធ្វើទៀតនៅថ្ងៃទី១០ ខែកុម្ភៈ ។ សវនាការនេះ គឺ ផ្ដោតសំខាន់ទៅលើចម្លើយរ បស់ឈ្មោះ សៀង វាសនា ដែលតុលាការរកឃើញថា ជាខ្មាន់កាំភ្លើង ។ ឈ្មោះ សៀង វាសនា នាពេលសវនាការ ក៏បានឆ្លើយតទល់គ្នាជាមួយលោក តេង វិសាល ជាអនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ផងដែរ។

ជាការកត់សម្គាល់ ឈ្មោះ សៀង វាសនា បានសួរទៅលោក តេង វិសាល ថា តើលោកវាយខ្ញុំនិងលី សៅ ដើម្បីអ្វី? លោក តេង វិសាល ឆ្លើយថា ពុំបានវាយទេ។ ឈ្មោះ សៀង វាសនា សួរថា លោកបានបញ្ជាកូនចៅវាយខ្ញុំនិងលី សៅទេ ? លោក តេង វិសាល ឆ្លើយថា ពុំបានបញ្ជាឲ្យវាយទេ ។ ឈ្មោះ សៀង វាសនា សួរថា ស្គាល់ហ៊ុន ទូច ឬទេ? លោក តេង វិសាល ឆ្លើយថា ស្គាល់ពេលចូលបំភ្លឺនៅប៉ូលិស។

ឈ្មោះ សៀង វាសនា បានសង្កត់ធ្ងន់ថា ហ៊ុន ទូច និងទូច សាវុធ " ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ ២ម៉ឺនដុល្លារពីប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹងអត់? លោក តេង វិសាល ឆ្លើយថា ពុំបានដឹងទេ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ ពីបទផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top