Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នគរបាលរាជធានី បង្ហាញមុខជនសង្ស័យ ៧៥នាក់ រួមទាំងគ្រឿងញៀន ១០០កញ្ចប់ 

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបង្ហាញមុខ និងសមាសភាព ក្រុមពាក់ព័ន្ធករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន សរុប៧៥នាក់ ដែលសមត្ថកិច្ចនគរបាល តាមបណ្តាខណ្ឌទាំង១២ បង្ក្រាបបានរយៈពេល ២ថ្ងៃ (ថ្ងៃទី១០ និង១១ ខែមករា) មុននិងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។ 

ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀនក្រុង បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំង នគរបាលតាមបណ្តាខណ្ឌ បានចាប់ផ្តើមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងយកមកបង្ហាញមុខ ចំនួន៧៥នាក់ ព្រមទាំងគ្រឿងញៀន ១០០កញ្ចប់ផងដែរ។ 

លោកបានបញ្ជាក់ថា “ចាប់ពីថ្ងៃទី១រហូតមកដល់ ថ្ងៃទី១២មករានេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ទាំង១២ខណ្ឌ បានបង្ក្រាបករណីគ្រឿងញៀន ជាច្រើនលើក ដោយឃាត់ខ្លួនមនុស្សប្រមាណ ៤០០នាក់ផងដែរ” ។

សូមបញ្ជាក់ថា ពេលថ្មីៗកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការ​ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែទទួលបានលទ្ធផលល្អផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top