Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រកាសលោក នៃ គង់ ចូលកាន់មុខតំណែង ជាអភិបាលរងខេត្តកំពត ជំនួសលោក សូត យា ត្រូវចូលនិវត្តន៍

កំពត៖ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសចូលកាន់មុខតំណែង របស់ លោក នៃ គង់ អតីតស្នងការរងខេត្តកំពត ជាអភិបាលរង នៃគណអភិបាលខេត្តកំពត ជំនួសលោក សូត យា ដែលត្រូវចូលនិវត្តន៍ ។ 

កម្មវិធពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលា ខេត្តកំពតចាស់ ដោយមានការចូលរួម ពីប្រតិភូអមអមដំណើរ ស្ថាប័នបក្រុមប្រឹក្សាខេត្ត  លោក លោកស្រី ជាអភិបាល អភិបាលរងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅ ជុំវិញខេត្តយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានជំរាបជូនដឹងអំពីសភាពការណ៍ ទូទៅព្រមទាំង វឌ្ឍនភាពរីកចម្រើន និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវា រដ្ឋបាលសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្ត គួរឲ្យមានមោទនភាព ។

លោក ព្រំ សុខា បានមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ មន្ត្រីរាជការ មន្ទីរ  អង្គភាព ជំនាញ ជុំវិញខេត្ត ដែលតែងតែបាន សហការគ្នាល្អ ក្នុងការកសាង អភិវឌ្ឍន៍ ព្រមទាំងថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។ 

លោក ក៏បានផ្ដាំផ្ញើដល់លោក នៃ គង់  ដែលទើបតែងតាំង និងប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត បន្តយកចិត្តទុកដាក់ សាមគ្គីសហការគ្នាជំរុញ និងពង្រឹង សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អថែមទៀត នៅក្នុងមូលដ្ឋាន និងពង្រឹង ថែរក្សាការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ពិសេសត្រូវជម្រុញពង្រឹង អនុវត្តន៍ច្បាប់ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមគោលនយោបាយកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌវិមជ្ឈការ និងវិសហមជ្ឈការឲ្យបាន កាន់តែល្អប្រសើរថែមទៀត ។

គួរបញ្ជាក់ថា ចំពោះការតែងតាំង អភិបាលរងខេត្ត សម្រាប់ខេត្តកំពតនេះ ក្នុងជួរគណអភិបាលខេត្ត មានអភិបាលខេត្តមួយរូប អមដោយអភិបាលរងខេត្តចំនួន៦រូប ដើម្បីបំពេញភារកិច្ចទៅតាម តួនាទីនិងមុខងារ របស់រដ្ឋបាលខេត្តកំពត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top