Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រទេសដៃគូអភិវឌ្ឍន៍ ជួបពិភាក្សាគ្នា បង្កើនកិច្ចគាំទ្រ ផ្នែកគោលនយោបាយ និងការបញ្ជ្រាប ទៅក្នុងដំណើរការ ផែនការជាតិបន្ស៊ាំ

ភ្នំពេញ៖ ក្រុមប្រទេសដៃគូអភិវឌ្ឍន៍ បានមកជួបប្រជុំគ្នា នៅក្នុងប្រទេសកម្ពុជា ដើម្បីនិយាយគ្នា ពីការបង្កើនកិច្ចគាំទ្រ ផ្នែកគោលនយោបាយ និងការបញ្ជ្រាបទៅក្នុងដំណើរការ ផែនការជាតិបន្ស៊ាំ ដែលជាប្រធានបទក្តៅគគុក ហើយត្រូវបានគេលើកឡើង នៅក្នុងវេទិកាសកលលើកទី៣ ស្តីពីផែនការជាតិបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីតំណាងប្រទេស ចំនួន៨មានដូចជា៖ បេណាំង កូឡុំប៊ី ម៉ាដាហ្កាស្កា ម៉ិកស៊ិក សាម័រ អាហ្រ្វ៊ិកខាងត្បូងតង់សានីនិងថៃ ព្រមទាំងបណ្តាដៃគូអភិវឌ្ឍន៍ ប្រចាំកម្ពុជាចំនួន៤៥នាក់។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបាន និងកំពុងគំរាមកំហែង ដល់ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសដល់វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ជលផល ព្រៃឈើ តំបន់ឆ្នេរ សុខភាព និងទេសចរណ៍។ 
លោកបន្តថា “កម្ពុជាត្រូវត្រៀមរៀបចំ កិច្ចការជាច្រើនដើម្បីទប់ទល់ នឹងហានិភ័យអាកាសធាតុ ដូចជា កំណើនកម្ពស់ទឹកសមុទ្រ វិសមរូបសីតុណ្ហភាព ព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរ ។ល។ ដូចនេះកម្ពុជាត្រូវការជាបន្ទាន់ នូវផែនការជាតិ ដែលអាចបន្ស៊ាំនឹ ងការប្រែប្រួលអាកាសធាតុ ដ៏មានប្រសិទ្ធភាព និងសមស្រប តាមកាលៈទេសៈជាតិ”។

ក្រោមកិច្ចសហការ រវាងបណ្តាញការងារសកលផែនការជាតិបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ NAP Global Network ។ វេទិកាអន្តរជាតិនេះ នឹងរៀបចំរយៈបីថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ វេទិកានេះគោលបំណង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង របស់បណ្តាប្រទេសនានា ក្នុងដំណើរការរៀបចំផែនការ ជាតិបន្ស៊ាំរបស់ខ្លួនឆ្លើយតប នឹងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ។

កម្ពុជាបានចែករំលែក សមិទ្ធផលនិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន ក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដំណើរការរៀបចំ ផែនការជាតិបន្ស៊ាំ ដូចជាកំណែទម្រង់ស្ថាប័ន ដោយការបង្កើតក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ កម្ពុជានិងយុទ្ធសាស្រ្ត តាមវិស័យពាក់ព័ន្ធ ការរៀបចំដំណើរការផែនការជាតិបន្ស៊ាំ និងសម្របសម្រួលឱ្យមានយន្តការ ហិរញ្ញប្បទានសម្រាប់បន្ស៊ាំនិងកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់។ ព្រឹត្តិការណ៍នេះ ក៏បានស្វែងយល់អំពីឧបសគ្គនានា នៃការរៀបចំដំណើរការផែនការ ជាតិបន្ស៊ាំនិងយុទ្ធសាស្រ្ត ដោះស្រាយបញ្ហារបៀប នៃការបញ្ជ្រាបសកម្មភាពបន្ស៊ាំ ទៅក្នុងយុទ្ធសាស្រ្តរបស់វិស័យពាក់ព័ន្ធ និងការកំណត់វិសាលភាព បន្ស៊ាំពីបណ្តាប្រទេសនានា។ 

សូមបញ្ជាក់ថា  យោងតាមសន្ទស្សន៍ ហានិភ័យពិភពលោកឆ្នាំ២០១៥ កម្ពុជាស្ថិតនៅក្នុងលំដាប់ទី៨ ក្នុងបណ្តាប្រទេស ដែលប្រឈមនឹងហានិភ័យ ពីមុខសញ្ញាគ្រោះធម្មជាតិ ហើយបើយោងតាម សន្ទស្សន៍ហានិភ័យសកលលោកឆ្នាំ២០១៦ កម្ពុជាស្ថិតក្នុងលំដាប់ទី១៣ ដែលទទួលរងហានិភ័យ ពីការប្រែប្រួលអាកាសធាតុ។ 

ដំណើរការផែនការជាតិ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានបង្កើត ដោយអង្គការសហប្រជាជាតិ សម្រាប់បណ្តាប្រទេសនានា រៀបចំផែនការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងរឹងម៉ាំសមស្របតាមតម្រូវបន្ស៊ាំ និងបរិបទរបស់ប្រទេសនីមួយៗ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top