ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ករ៉េខាងត្បូង លើសន្ទរកថា សង្កត់ធ្ងន់លើសម្ព័ន្ធភាព ជាមួយអាមេរិក

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយ ឃោសនា របស់កូរ៉េខាងជើង បានរិះគន់ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ជុំវិញសុន្ទរកថាថ្មីៗ របស់លោក ដែលសង្កត់ធ្ងន់ លើសារៈសំខាន់ នៃសម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់លោកថា មានអាកប្បកិរិយាតូចតាច ដោយទទូចសុំជំនួយពីខាងក្រៅ ដើម្បីដោះស្រាយបញ្ហាអន្តរអន្តរកូរ៉េ។

កាលពីថ្ងៃទី០៨ ខែកុម្ភៈលោកមូន បានថាសម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីរក្សាសន្តិភាព និងសេរីភាពនៅលើឧបទ្វីបកូរ៉េ នៅក្នុងសារជាវីដេអូ ក្នុងពិធីទទួលបដិសណ្ឋារកិច្ច របស់សមាគមអភិបាលកិច្ចជាតិអាមេរិក (NGA) នៅឯស្ថានទូតកូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោន។

លោកមូន បានបន្ថែមទៀតថាចំណងទាក់ទងសេអ៊ូល – វ៉ាស៊ីនតោន បានវិវត្តន៍ទៅជាសម្ព័ន្ធមិត្តដ៏អស្ចារ្យមួយ ដែលហួសពីតំបន់សន្តិសុខទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពិភពលោក ។ លោកបានហៅអភិបាលនីមួយៗថា ជាស្ពានដែលអាចទុកចិត្តបាន ដែលអាចជួយជំរុញការផ្លាស់ប្តូរ ប្រកបដោយភាពស្វាហាប់រវាងសម្ព័ន្ធមិត្ត៕

ដោយ ឈូក បូរ៉ា

To Top