ព័ត៌មានអន្តរជាតិ

ដោយបារម្ភ អំពីការនាំជំងឺកូរ៉ូណាចូលប្រទេស, កម្មកវៀតណាម ២.៥០០នាក់ នាំគ្នាតវ៉ា ប្រឆាំងការវិលត្រឡប់ចូលធ្វើការ របស់ពលករចិន

បរទេស៖ និយោជិកជាង ២.៥០០ នាក់នៃក្រុមហ៊ុនកូរ៉េមួយ នៅភាគខាងជើងខេត្ត Ha Nam បានធ្វើកូដកម្មតវ៉ាប្រឆាំង នឹងការអនុញ្ញាតឱ្យបុគ្គលិកចិន វិលត្រឡប់មកធ្វើការវិញ ចំពេលមានការរីករាលដាល នៃវីរុសឆ្លងកូរ៉ូណា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការតវ៉ានេះបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្រុមហ៊ុន JY Ha Nam ក្នុងស្រុក ថាញ់លៀម ដែលផលិតប្រដាប់ប្រដាក្មេងលេង ដោយកម្មករបានប្រមូលផ្តុំគ្នា នៅខាងក្រៅក្លោងទ្វារ ហើយព្រមានក្រុមហ៊ុន មិនត្រូវអនុញ្ញាតឱ្យអ្នកជំនាញចិន ចូលធ្វើការវិញនៅចុងខែនេះទេ ដោយបារម្ភថា ពួកគេ (ពលករចិន) នឹងនាំយកមេរោគឆ្លងថ្មីមក។

អាជ្ញាធរខេត្ត Ha Nam បាននិយាយថា កូដកម្មបានបន្តនៅថ្ងៃច័ន្ទ។ លោក Bui Trong Quynh ប្រធានមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចស្រុកបាននិយាយថា ក្រុមហ៊ុនបានដាក់ នៅលើក្តារព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន កាលពីសប្តាហ៍មុនថា អ្នកជំនាញនិងវិស្វករចិននឹងបន្តការងារ។

បន្ទាប់មកកម្មករ ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានចេញសេចក្តីជូនដំណឹងតវ៉ាមួយ ហើយបានគំរាមថា កម្មករគ្រប់រូបនឹងលាឈប់ពីការងារ ប្រសិនបើក្រុមហ៊ុនអនុញ្ញាត ឲ្យ ជនជាតិចិនត្រឡប់មកវិញ។

យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនក៏បានបណ្តេញកម្មករ ដែលបានចេញសេចក្តីជូនដំណឹងនេះផងដែរ។ មន្ត្រីស្រុក ថាញ់លៀម បានជួបជាមួយកម្មករ កាលពីថ្ងៃច័ន្ទដើម្បីធានាថា និតិវិធីដាច់ដោយឡែក នឹងត្រូវបានអនុវត្តសម្រាប់បុគ្គលិកចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top