ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក ប្រកាសវត្តមានក្រុម អ្នកជំនាញនៅទីតាំងផ្ទុះ កូរ៉ូណាវីរុសក្នុងប្រទេសចិន

បរទេស៖ សេចក្តីរាយការណ៍របស់ ទូរទស្សន៍កូរ៉េខាងត្បូងមួយ បានលើកឡើងថា អ្នកជំនាញវេជ្ជសាស្ត្រអង្គការ សុខភាពពិភពលោក នៅក្នុងប្រទេសចិន ដើម្បីតាមដានការផ្ទុះឡើងនៃកូរ៉ូណាវីរុស មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងខេត្ត Hubei ជាកន្លែងផ្ទុះវីរុសឆ្លងថ្មីដំបូង បណ្ដាលឲ្យមានមនុស្សជាង ១,៨០០នាក់បាត់បង់ជីវិត និងមានករណីឆ្លងជាង ៧៣.០០០ករណី។

ប៉ុន្តែអគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅពេលក្រោមមក ក្នុងអំឡុងធ្វើសន្និសីទ កាសែតពីទីក្រុងហ្សឺណែវថា អង្គការសុខភាពពិភពលោក មានក្រុមការងារនៅលើទឹកដីនៃទីក្រុង Wuhan ចាប់តាំងពីខែមករាមកម្ល៉េះ ហើយក្រុមអ្នកជំនាញបន្ថែមទៀត ដែលទៅដល់កាលពីចុងសប្ដាហ៍មុននោះ គ្រោងនឹងធ្វើដំណើរទៅខេត្តខ្វាងទុង និងហ្សេជាំង ក៏ដូចជារដ្ឋធានីប៉េកាំង ហើយអាចនឹងធ្វើដំណើរទៅទីក្រុង Wuhan និងទីកន្លែងផ្សេងៗទៀត ផ្អែកលើតម្រូវការចាំបាច់។

ចំណែកក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយថា ក្រុមការងារអន្តរជាតិ កំពុងតែធ្វើការងារជាមួយអ្នកជំនាញចិន នៅក្នុងទីក្រុងប៉េកាំង ខេត្តខ្វាងទុកនិងហ្សេជាំង ដើម្បីតាមដានវីរុសថ្មី និងរបៀបឆ្លងរបស់វា ប៉ុន្តែលោកមិនបានរំលឹកដល់ខេត្ត Hubei និងមិនបានផ្តល់មូលហេតុស្តីពី ការមិនលើកឡើងនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top