ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត បដិសេធគម្រោង ណាមួយ ដែលឲ្យព្រះរាជ្ជទាយាទ ជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធច្រានចោល សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អំពីភាពអាចទៅរួច នៃជំនួបរវាង ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្របពេលមានមន្ទិលសង្ស័យ អំពីចំណងមិត្តភាព រវាងរដ្ឋឈូងសមុទ្រ អារ៉ាប់និងអ៊ីស្រាអែល។

នៅក្នុងការឆ្លើយតប ទៅនឹងសេចក្តីរាយការណ៍នានា រួមទាំងកាសែតអ៊ីស្រាអែល Haaretz ផងនោះ ព្រះអង្គម្ចាស់ Faisal bin Farhan តាមសេចក្តីរាយការណ៍ បានមានបន្ទូលប្រាប់គេហទំព័រ សរសេរជាភាសាអង់គ្លេស Al Arabiya ជាកម្មសិទ្ធិរបស់រដ្ឋថា “មិនមានជំនួបរៀបចំគ្រោងទុក រវាងប្រទេស អារ៉ាប៊ីសាអូឌីត និងប្រទេស អ៊ីស្រាអែលទេ”។

គួរបញ្ជាក់ថា ចំណាប់អារម្មណ៍ នៃប្រទេសទាំងពីរ ក្នុងការទប់ទល់ប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរជាខ្លាំងដោយចាត់ទុកថា ទីក្រុងតេអេរ៉ង់ គឺជាការគម្រាមកំហែងចម្បង ប៉ុន្តែអារ៉ាប៊ីសាអូឌីត នៅតែរក្សាប្រកាន់ថា ចំណងមិត្តភាពណាមួយ គឺសម្រេចទៅលើការដកអ៊ីស្រាអែល ចេញពីទឹកដីអារ៉ាប់ ដែលដណ្ដើមយក ក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ជាទឹកដី ដែលពួកប៉ាឡេស្ទីន ស្វះស្វែងបង្កើត ជារដ្ឋនៅពេលអនាគត ៕
ប្រែសម្រួល៖ប៉ាង កុង

To Top