ព័ត៌មានអន្តរជាតិ

រកឃើញ បំណែកឆ្អឹងជិត ៣០០បំណែក នៅក្នុងស្រះទឹក ក្បែរផ្ទះបុរសម្នាក់ ដែលសម្លាប់មិត្តស្រីខ្លួនឯង

បរទេស៖ ឆ្អឹងជិត ៣០០បំណែក ត្រូវបានគេរកឃើញ កាលពីថ្ងៃសុក្រពីស្រះទឹកក្បែរផ្ទះ របស់បុរសអាយុ ៤០ ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ កាលពីសប្តាហ៍មុន​ពីបទធ្វើឃាត ទៅលើសង្សាររបស់ខ្លួន អាយុ ២២ឆ្នាំ ហើយបានលាក់សាកសពនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកមុជទឹកបានរកឃើញឆ្អឹងសរុបចំនួន ២៨៨ បំណែក នៅក្នុងស្រះទឹកមួយ ដែលមានចម្ងាយប្រហែល ៥ ម៉ែត្រពីទីតាំង ដែលពួកគេ​បានរកឃើញ គ្រោងឆ្អឹងមនុស្ស កាលពីថ្ងៃព្រហស្បតិ៍។

គ្រោងឆ្អឹងនេះត្រូវបានរុំ ដោយសម្លៀកបំពាក់ និងកម្រាលពួក ហើយលាក់នៅក្រោមវត្ថុ ធ្វើពីដែកដ៏ធំមួយ ហើយត្រូវបានគេចងជាប់នឹងដុំដែក លើកហាត់ប្រាណ ជាមួយនឹងច្រវាក់។

ការស្វែងរកក្នុងស្រះទឹកនេះ ត្រូវបានគេបញ្ជា បន្ទាប់ពីមានសក្ខីកម្មរបស់សាក្សីថា អាចមានសាកសពចំនួន ២ ទៀត នៅក្នុងស្រះក្បែរផ្ទះ ជនសង្ស័យនៅស្រុកបាងខា។

សូមជម្រាបថា លោក Apichai Ongwisit អាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួន នៅឯផ្ទះរបស់គាត់នៅដើមខែនេះ បន្ទាប់ពីប៉ូលីសបានរកឃើញ សាកសព​របស់មិត្តស្រីអាយុ ២២ ឆ្នាំ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ Kik រុំក្នុងថង់ប្លាស្ទិច ហើយកប់នៅក្នុងបរិវេណផ្ទះ របស់បុរសនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top