ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវកម្លាំងសន្តិសុខ ជម្លៀសចេញភ្លាមៗ បន្ទាប់ពីត្រូវក្រុមបាតុករ ឡោមព័ទ្ធ

មូស្គូ៖ កម្លាំងសន្តិសុខបារាំង បានជម្លៀស ប្រធានាធិបតី លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ចេញពីមហោស្រព ប៊ូស ឌូ ណត ( Bouffes du Nord) ក្នុងទីក្រុងប៉ារីស នៅពេលក្រុមអ្នកតវ៉ាព្យាយាម ចូលទៅក្នុងអាគារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមទូរទស្សន៍ BFMTV បានផ្សាយថា លោក Macron បានទៅទស្សនាល្ខោនរួម ជាមួយប្រពន្ធរបស់គាត់ឈ្មោះ Brigitte កាលពីល្ងាចថ្ងៃសុក្រ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅក្បែររោងមហោស្រព ហើយព្យាយាមប្រញាប់ចូលអគារ ប៉ុន្តែត្រូវបានរារាំង ដោយកងសន្តិសុខ។

ភ្លាមៗបន្ទាប់ពីនោះ កងកំលាំងសន្តិសុខ បានបង្កើតការឡោមព័ទ្ធ ដើម្បីអនុញ្ញាតឱ្យរថយន្ត របស់លោក ម៉ាក្រុង ចាកចេញពីកន្លែងមហាស្រពនោះ។ កាលពីថ្ងៃទី ៥ ធ្នូប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើឱ្យមានកំណែទម្រង់ ប្រាក់សោធននិវត្តន៍ ដែលនឹងដកហូត ឯកសិទ្ធិមួយចំនួន និងលក្ខខណ្ឌចូលនិវត្តន៍ ពិសេសពីប្រភេទ អ្នកធ្វើការមួយចំនួន រួមទាំងអ្នកធ្វើការ ក្នុងការដឹកជញ្ជូនផងដែរ។

ប្រទេសបារាំងបានឃើញ ការចាប់ផ្តើមនៃកូដកម្មជាតិ ដែលកំពុងបន្តប្រឆាំង នឹងគំនិតផ្តួចផ្តើមរបស់លោក ម៉ាក្រុង ហើយជាលទ្ធផលនៃកូដកម្ម ការងាររបស់បណ្តាញ ដឹកជញ្ជូនរបស់ប្រទេស ត្រូវបានធ្លាក់ចូលក្នុងភាពវឹកវរ។

កាលពីថ្ងៃទី ១១ ខែមករា រដ្ឋាភិបាលបារាំង បានផ្អាកវិធានការ ដែលមាន ការរិះគន់ច្រើនបំផុត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់សោធននិវត្តន៍ ហើយនឹងមិនបង្កើនអាយុ ចូលនិវត្តន៍ ដែលទាមទារសម្រាប់ការទទួលបាន ប្រាក់សោធនពេញលេញ រហូតដល់ ៦៤ ឆ្នាំនោះទេ។

បើទោះបីជាការផ្លាស់ប្តូរ របស់អាជ្ញាធរបែបនេះក៏ដោយ បើយោងតាម ប្រព័ន្ធផ្សព្វផ្សាយបារាំង គឺកាលពីថ្ងៃទី ១៦ ខែមករា មនុស្សប្រហែល ១៨៧.០០០ នាក់ បានចូលរួមក្នុងការបន្តការតវ៉ា នៅទូទាំងប្រទេស។ ខណៈដែលក្រសួងមហាផ្ទៃ ដែលដកស្រង់ដោយកាសែត Figaro បានរាយការណ៍ថា មានមនុស្សជិត ២៣.០០០ នាក់ បានធ្វើបាតុកម្ម នៅតាមដងផ្លូវ នៃទីក្រុងប៉ារីស ហើយសហព័ន្ធ សហជីពកម្មករទូទៅ បាននិយាយថា មនុស្ស ២៥០.០០០ នាក់បានចូលរួម ការតវ៉ា នៅក្នុងទីក្រុងនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top