ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ូកែត២គ្រាប់ ធ្លាក់ចំកណ្តាលរដ្ឋធានីបាកដាដ ដែលបណ្តុំដោយអគាររដ្ឋាភិបាល និងអគារទូត

បរទេស៖ ទីភ្នាក់ងាររ៉យទ័របានដកស្រង់សំដីសាក្សីថា ការផ្ទុះយ៉ាងខ្លាំង ៗ ពីរដង អមដោយសំឡេងស៊ីរ៉ែន ត្រូវបានគេលឺនៅក្នុងរដ្ឋធានី បាកដាដ របស់ប្រទេស អ៊ីរ៉ាក់កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន Al-Mayadeen គឺមានគ្រាប់រ៉ុក្កែត ២ គ្រាប់បានធ្លាក់នៅតំបន់បៃតង ឬ Green Zone នៅកណ្តាលទីក្រុងបាកដាដ ដែលមានអគាររដ្ឋាភិបាល និងអគារទូត ស្ថិតនៅ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការបញ្ជាក់ពីប្រភពសន្តិសុខអ៊ីរ៉ាក់ថា គ្រាប់រ៉ុក្កែត ២ គ្រាប់បានធ្លាក់នៅតំបន់បៃតង នៃទីក្រុងបាកដាដ។

ប្រភពបាននិយាយថា គ្រាប់រ៉ុក្កែត ២ គ្រាប់បានធ្លាក់នៅក្នុងតំបន់បៃតង នៅកណ្តាលទីក្រុងបាកដាដ ដោយមិនទាន់មានព័ត៌មាន អំពីការខូចខាតនៅឡើយទេ។ ក្រោយមកសេវាកម្មសន្តិសុខរបស់ប្រទេស បាននិយាយថា មិនមានមនុស្សរងរបួសទេ។

នេះមិនមែនជាលើកទី ១ ទេដែលតំបន់បៃតង របស់អ៊ីរ៉ាក់ ត្រូវបានវាយប្រហារ។ កាលពីថ្ងៃអាទិត្យ មានការបាញ់ផ្លោងខ្លាំង ទៅលើតំបន់បៃតង។ យោធាអ៊ីរ៉ាក់បាននិយាយថា យ៉ាងហោចណាស់គ្រាប់ផ្លោង ៣ គ្រាប់ដែលត្រូវបានគេស្គាល់ថា ជារ៉ុក្កែតប្រភេទ Katyusha MLRS ផលិតដោយសូវៀត បានវាយប្រហារចំកណ្តាលទីក្រុងបាកដាដ៕ ប្រែសម្រួលៈ ណៃ តុលា

To Top