ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានថាអាមេរិក នឹងខាតបង់ច្រើន ក្នុងករណីរិះគន់ បញ្ហាសិទ្ធមនុស្ស ក្នុងប្រទេសរបស់ខ្លួន

សេអ៊ូល: ភ្នាក់ងារសារព័ត៌មាន របស់កូរ៉េខាងត្បូង KCNA នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានចុះផ្សាយថា កាលពីថ្ងៃម្សិលមិញនេះ កូរ៉េខាងជើង បានធ្វើការប្រកាសព្រមានខ្លាំងៗ ទៅលើអាមេរិក ពាក់ព័ន្ធនឹងបញ្ហារិះគន់ របស់គេមកលើ ប្រទេសកុម្មុយនីសមួយនេះ ហើយបានបញ្ជាក់ថា ពាក្យពេចទាំងនេះ នឹងប្រាកដជាធ្វើឲ្យ មានភាពតានតឹងខ្លាំង ជាងនេះមិនខាន នៅក្នុងឧបទ្វីបកូរ៉េ។

សេចក្តី ប្រកាសផ្សាយព័ត៌មាន ដដែលរបស់ KCNA បានបន្តបែបព្រមានទៀតថា ប្រសិនបើអាមេរិក នឹងនៅតែបន្តធ្វើការរិះគន់ និងបន្តសកម្មភាព ចុះផ្សាយពីព័ត៌មាន បែបបង្អាប់ប្រព័ន្ធ រដ្ឋាភិបាល របស់កូរ៉េជើងទៀតនោះ ពីបញ្ហាសិទ្ធក្នុងប្រទេស វាច្បាស់ណាស់នឹង ធ្វើឲ្យអាមេរិកខ្លួនឯង នឹងប្រឈមមុខទៅនឹង ការខាតបង់ ដ៏ច្រើនមួយ។

គួរឲ្យដឹងដែរថា ​មហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ពាក់កណ្តាលសប្តាហ៍នេះ បានធ្វើការប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើ ករណីនៃការរំលោភបំពាន សិទ្ធិមនុស្ស ជាយូរមកហើយ និងជាបន្តរបស់កូរ៉េខាងជើង នៅក្នុងដំណោះស្រាយ ប្រចាំឆ្នាំដែលឧបត្ថម្ភដោយ ប្រទេសជាច្រើន ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិកផង ហើយជាការឆ្លើយតប ប្រេសិត របស់ទីក្រុងព្យុងយ៉ាង បានធ្វើការបដិសេធភ្លាមៗ ផងដែរ ៕

ប្រែសម្រួល:ស៊ុនលី

To Top