ព័ត៌មានអន្តរជាតិ

ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើងនៅ នូវែលសេឡង់, ក្រុមអ្នកមុជទឹក បន្តស្វែងរកសាកសពនៅក្នុងទឹក

បរទេស៖ ប៉ូលីសនូវែលសេឡង់បាននិយាយថា ក្រុមអ្នកមុជទឹកបានចាប់ផ្តើមរុករកក្នុងដែនទឹកនៅក្បែរភ្នំភ្លើង White Island ក្នុងកិច្ចប្រឹងប្រែងដើម្បីស្វែងរកសាកសព ២ នាក់ទៀត ខណៈដែលគិតមកដល់ពេលនេះ ប៉ូលីសបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ១៤នាក់ និងរបួសដោយសារតែការរលាកខ្លាំង ចំនួន ២០នាក់ ក្រោយភ្នំភ្លើង White Island បានផ្ទុះ។ 

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅមុនពេលភ្នំភ្លើង White Island បានផ្ទុះ អ្នកទេសចរចំនួន ៤៧ នាក់នៅលើកោះនោះ ក្នុងនោះរួមមាន ២៤ នាក់មកពីអូស្ត្រាលី ៩ នាក់មកពីអាមេរិក ៥ នាក់ពីញូហ្សេឡែន ៤ នាក់មកពីអាល្លឺម៉ង់ ២ នាក់ពីចិន ២ នាក់ពីអង់គ្លេសនិងម្នាក់មកពីម៉ាឡេស៊ី។ បន្ទាប់ពីការផ្ទុះនេះភ្ញៀវទេសចរ ភាគច្រើនត្រូវបានគេនាំចេញពីកោះក្នុងកិច្ច ខិតខំប្រឹងប្រែងជួយសង្គ្រោះ។ 

យ៉ាងហោចណាស់ មានសាកសពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទឹក ហើយក្រុមអ្នកជួយសង្គ្រោះនឹងមិនវិលត្រឡប់មកកោះវិញទេនៅថ្ងៃសៅរ៍នេះ។

មួយថ្ងៃមុននេះ សាកសពមនុស្សចំនួន ០៦នាក់ ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការដែលមានហានិភ័យខ្ពស់ ហើយត្រូវបានបញ្ជូនទៅទីក្រុង Auckland ជាកន្លែងដែលពួកគេ នឹងត្រូវបានកំណត់អត្តសញ្ញាណអ្នកស្លាប់ ដែលបានរកឃើញទាំងនោះ។ រហូតមកដល់ពេលនេះ អ្នកស្លាប់មានចំនួន ១៤នាក់ហើយ ចាប់តាំងពីភ្នំភ្លើងបានផ្ទុះ កាលពីថ្ងៃច័ន្ទ។

មនុស្សប្រហែល ២០នាក់ កំពុងស្ថិតក្នុងការមើលថែ យ៉ាងយកចិត្តទុកដាក់ជាមួយនឹងរបួស រលាកភ្លើងខ្លាំង នៅប្រទេសនូវែលហ្សេឡង់ និងអូស្ត្រាលី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top