ព័ត៌មានអន្តរជាតិ

ប្រេសិតចិនប្រចាំ នៅអង្គការសហប្រជាជាតិ និយាយថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ក្នុងការ បន្ធូរបន្ថយទណ្ឌកម្ម លើកូរ៉េខាងជើង

បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយថា វាជារឿងចំាបាច់ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវធ្វើការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងគាំទ្រដល់កិច្ចពិភាក្សាគ្នា រវាងទីក្រុងព្យុងយ៉ាងនិងសហរដ្ឋអាមេរិក និងទប់ស្កាត់ស្ថានភាពផ្ទុយគ្នា។

តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខដូច្នេះថា “វាចាំបាច់ណាស់ ដែលក្រុមប្រឹក្សានេះ ចាត់វិធានការ និងអំពាវនាវឲ្យមានបទប្បញ្ញតិ្តផ្ទុយគ្នា នៅក្នុងសេចក្តីសម្រេចពាក់ព័ន្ធសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យបានឆាប់បំផុតតាមដែលអាចទៅរួច ដោយផ្អែកលើស្ថានភាពវិវិត្តនៅឧបទ្វីបកូរ៉េ និងធ្វើការកែសម្រួលដ៏ចាំបាច់ ចំពោះចំណាត់ការដាក់ទណ្ឌកម្ម”។ 

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន១៥ប្រទេសជាសមាជិក បានជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះ តាមសំណើរបស់សហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើងជាអន្តរជាតិថា ប្រទេសកូរ៉េខាងជើង អាចនឹងបន្តធ្វើតេស្តនុយក្លេអ៊ែ ឬក៏មីស៊ីលវាយប្រហារចម្ងាយឆ្ងាយ ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧មក ព្រោះតែកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំង៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top