ព័ត៌មានអន្តរជាតិ

នាវាមុជទឹកថ្មី​ ៩គ្រឿង តម្លៃជាង ២២ពាន់លានដុល្លារ ដែលអាមេរិក ទើបធ្វើការបញ្ជាទិញ

បរទេស: CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូបានសរសេរថា កងកម្លាំងកងទ័ពជើងទឹកអាមេរិក បានប្រកាសថា ខ្លួនទើបតែបានទទួលបានរង្វាន់ ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តាមរយៈកញ្ចប់ប្រាក់ដល់ទៅ ២២ពាន់លានដុល្លារ ក្នុងការបញ្ជាទិញនាវាមុជទឹក ប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុត ចំនួនដល់ទៅ ៩គ្រឿង។

កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹក វាយប្រហារប្រភេទ vigirna class ដែលដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងក្នុងរយៈពេល តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រមុខកងទ័ពជើងទឹក សហរដ្ឋអាមេរិក នៅប៉ាស៊ីហ្វិក បានព្រមានអំពីការបង្កើនកម្លាំង នៃកងនាវាចរចិនដ៏ធំមួយ និងបញ្ជាក់ពីបញ្ហារបស់គាត់ អំពីកង្វះនាវាមុជទឹក មិនគ្រប់គ្រាន់ដើម្បីទប់ទល់។

លោក Carl Schuster អតីតនាយកប្រតិបត្ដិ នៅមជ្ឈមណ្ឌលស៊ើបការណ៍រួម របស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិក របស់អាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា ការឆ្លើយតបចុងក្រោយរបស់កងទ័ព ជើងទឹកសហរដ្ឋអាមេរិក ចំពោះការកើនឡើងនូវកម្លាំងយោធា និងសកម្មភាពឈ្លានពានរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ៕

ប្រែសម្រួល: ស៊ុន លី

To Top