ព័ត៌មានអន្តរជាតិ

ផ្ទុះចង្រ្កានហ្គាស ពេលកំពុងចំអិនអាហារ នៅលើរថភ្លើងដឹកអ្នកដំណើរ ស្លាប់ជិត ៥០នាក់ នៅប៉ាគីស្ថាន

បរទេស៖ ក្រុមមន្រ្តីបានរាយការណ៍បឋមថា ឧប្បត្តិហេតុនេះបានកើតឡើង នៅជិតទីក្រុង Liaquatpur ក្នុងរដ្ឋ Punjab ហើយបណ្តាលមកពីការផ្ទុះហ្គាស ដែលជារបស់អ្នកដំណើរម្នាក់។ យ៉ាងហោចណាស់មានមនុស្ស ៤៦ នាក់បានស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ទៀត នៅក្នុងអគ្គិភ័យដ៏ធំមួយ នៅលើរថភ្លើងដឹកអ្នកដំណើរ Tezgam Express ធ្វើដំណើរពីក្រុង Karachi ទៅ Rawalpindi ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់រដ្ឋមន្រ្តីផ្លូវដែកប៉ាគីស្ថាន លោក Sheikh Rasheed បានប្រាប់សារព័ត៌មាន Geo News ថា « ចង្ក្រានពីរបានផ្ទុះ ចង្ក្រានទាំងពីរនោះ កំពុងចំអិនអាហារ ចង្ក្រានមានប្រេងចំអិន ដែលហាក់ដូចជាបន្ថែមសាំងទៅលើភ្លើង» ។

ជាលទ្ធផលនៃការផ្ទុះនេះ គឺបានបណ្តាលឱ្យទូរថភ្លើងចំនួន ៣ ត្រូវបានបំផ្លាញដោយសារការផ្ទុះ។ យោងតាមលោក Baqir Husain ប្រធានផ្នែកជួយសង្គ្រោះស្រុក បានអោយដឹងថា មនុស្សជាច្រើនបានស្លាប់ ដោយសារតែពួកគេលោតពីលើរថភ្លើង ក្នុងគោលបំណងរត់គេចពីអគ្គិភ័យ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី Imran Khan បានសម្តែងការចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដោយបញ្ជាឱ្យផ្តល់ជំនួយវេជ្ជសាស្រ្ត ដែលអាចធ្វើទៅបានល្អបំផុត សម្រាប់អ្នករងរបួស៕ ប្រែសម្រួលៈ ណៃ តុលា

Click to comment

Leave a Reply

Your email address will not be published.

To Top