ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូន ប្រព័ន្ធការពារ មីស៊ីល S-400 ទៅស៊ែប៊ី សម្រាប់សមយុទ្ធយោធា

បរទេស ៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងពលប្រព័ន្ធការពារមីស៊ីល S-400 របស់ខ្លួន នឹងចូលរួមក្នុងសមយុទ្ធយោធា នៅស៊ែប៊ី បញ្ជាក់បង្ហាញពីបំណងប្រាថ្នា របស់ទីក្រុងមូស្គូ រក្សាសម្ពន្ធមិត្តដ៏យូរអង្វែង របស់ខ្លួន បើទោះជាទីក្រុងបែលហ្គ្រាដ ប្រឹងប្រែងបង្កើត ទំនាក់ទំនងជាមួយ អង្គការណាតូនិងសហភាពអឺរ៉ុបក៏ដោយ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា វានឹងជាលើកទីមួយ ដែលប្រព័ន្ធការពារមីស៊ីល S-400 ដ៏ទំនើប រួមជាមួយនឹងប្រព័ន្ធបាញ់មីស៊ីល Pantsir នឹងចូលរួមនៅក្នុងសមយុទ្ធយោធានៅបរទេស។

តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយដូច្នេះផងដែរថា “ក្រៅពីប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលកំពុងតែដាក់ប្រើប្រាស់នៅក្នុងកងទ័ពប្រទេសស៊ែប៊ី ប្រព័ន្ធមីស៊ីល ដែលកំពុងតែប្រើប្រាស់ដោយកងកម្លាំងទ័ពអាកាសរុស្ស៊ី ក៏នឹងត្រូវបានដាក់ប្រើ នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត ដែលគ្រោងធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែតុលានោះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top