Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

 កូរ៉េខាងជើងអំពាវនាវឲ្យ យូអិន បើកវេទិកាអ្នកជំនាញ ច្បាប់អន្តរជាតិ 

បរទេស៖ លេខាធិការដ្ឋានរបស់អង្គការ សហប្រជាជាតិ គួរតែបើកវេទិកាអ្នកជំនាញ ខាងច្បាប់ដើម្បីពិភាក្សាអំពីមូលដ្ឋានច្បាប់ របស់ដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់បេសកកម្មទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍នោះថា «បេសកកម្មអចិន្ត្រៃយ៍កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានយកឱកាសដើម្បីបញ្ជាក់ជាថ្មីទៀត អំពីសំណើរឹងមាំរបស់ខ្លួនថា អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ទទួលយកសំណើរបស់យើងដើម្បីបើកវេទិកា អ្នកជំនាញច្បាប់អន្តរជាតិឲ្យបានមុនពេលកំណត់»។

កាលពីខែមករា កូរ៉េខាងជើងបានដាក់សំណើ ទៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំវេទិកាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ដើម្បីពិនិត្យឡើងវិញ មូលដ្ឋានច្បាប់ចំពោះដំណោះស្រាយយូអិន ពាក់ព័ន្ធកូរ៉េខាងជើង ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងលេខាធិការដ្ឋាន យូអិន មិនបានឆ្លើយតបចំពោះការ ទាមទារនោះឲ្យបានទាន់ពេលវេលានោះទេ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនឡើងអំឡុងពេល ដែលរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង សាកល្បងមីស៊ីល និងនុយក្លេអ៊ែរ ដែលទាំងនេះបានបំពានទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ប៉ុន្តែដោយយោងតាមសេចក្តីថ្លែងការណ៍ របស់ទូតកូរ៉េខាងជើងប្រចាំនៅអង្គការ សហប្រជាជាតិ មូលហេតុពិតប្រាកដ នៃភាពតានតឹងក្នុងឧបទ្វីបនេះ គឺដោយសារគោលនយោបាយ បំពានលើអង្គការនេះក្នុងនោះមានការធ្វើសមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយអាម៉េរិក និងកូរ៉េខាងត្បូង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top