Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កាលបរិច្ឆេទប្រកួត អុកចត្រង្គ​ អង្គរសង្រ្កាន្ដ  ឆ្នាំ២០១៧

ភ្នំពេញ ៖ ការប្រកួតកីឡា អុកចត្រង្គ ឆ្ពោះទៅដណ្ដើមងារស្ដេច អុកប្រចាំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ បានបញ្ចប់ការទទួលពាក្យ និងកំណត់កាលបរិច្ឆេទ ការប្រកួតជម្រុះ ដំណាក់កាលទី១ ជាផ្លូវការហើយ នៅព្រឹក ថ្ងៃទី២១ ខែមីនានេះ ខណៈការប្រកួតផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនាចុងសប្ដាហ៍នេះ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ផ្ទាល់តែម្ដង ។

ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្ដីពីការប្រកួតអុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ នាព្រឹកនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា នេះគឺជាឆ្នាំទី៥ហើយ ដែល NOCC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរ ព្រឹត្តិ ការណ៍អង្គរសង្ក្រាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកបន្ដថា  វគ្គជម្រុះឆ្នាំនេះ គឺទទួលបានអ្នកចុះឈ្មោះសរុប ១៥៣នាក់ ហើយគេឃើញមានវត្តមាន កីឡាករ សំខាន់ៗ ៣រូប ដែលសុទ្ធតែជាមន្ដ្រីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាចូលរួមដែរ រួមមានលោក ឆយ វីរ៉ា ស្តេចអុក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០, លោក ឈាវ បូរ៉ា ស្ដេចអុកប្រចាំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ២ជំនាន់កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥, លោក ហូយ សុខណា ស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ រួមទាំង កីឡាករជើងខ្លាំងចាស់-ក្មេងផ្សេងទៀត ។

ចំពោះដំណាក់កាលទី១ នឹងជម្រុះទុកត្រឹម ៨នាក់ប៉ុណ្ណោះ សម្រាប់ឆ្ពោះទៅប្រកួតដំណាក់ទី២ ឬជុំផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ។ ចំពោះប្រាក់រង្វាន់វិញ គឺរក្សានៅដដែល ពោលគឺលេខ១ ទទួលបានប្រាក់ រង្វាន់ ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ ទទួលបាន ៤លានរៀល ។ នេះបើតាម ការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top