Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជនសង្ស័យម្នាក់ ជំនាញខាងគាស់ផ្ទះ ប្រជាពលរដ្ឋ បានជាច្រើនលើក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ៖ កម្លាំងការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌ បានសហការជាមួយ អធិការក្រុង និងនគរបាលប៉ុស្ដិ៍លេខ៤ បានធ្វើការស្រាវជ្រាវ ដោយយកចិត្តដាក់ វែកមុខរកជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋ ច្រើនលើកច្រើនសារ និងលួចយក សម្ភារៈបានជាច្រើន រហូតធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។
   
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ មានឈ្មោះ សៀន ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាព លួចគាស់ទំលុះ ទំលាយចូលផ្ទះ យកសម្ភារៈ របស់ប្រជាពលរដ្ឋ បានជាច្រើនលើក ។ 

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព លួចចូលផ្ទះ យកសម្ភារៈរបស់ប្រជាពលរដ្ឋ បានចំនួន ៦លើក ដោយក្នុងនោះលើកទី១ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២១ បានចូលទៅក្នុងផ្ទះ របស់ជនបរទេស នៅចំណុចបុរី ប៊ីអេស ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ លួចបាន អាយផេត១គ្រឿង ពណ៌ទឹកប្រាក់ និងលុយចំនួន២០ដុល្លារ ហើយយកអាយផេត ទៅលក់នៅខេត្តកំពត បានលុយ ៩០ដុល្លា ។

លើកទី២ ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៩ បានចូលទៅក្នុងផ្ទះមួយ តាមបង្អួចចំហ នៅចំណុចបុរី ប៊ីអេស ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ តែលួចមិនបានសំរេច ។

លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២០៖៣០នាទី បានចូលទៅលួច នៅបុរី ប៊ីអេស ក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានធ្វើសកម្មភាព ចូលលួចតាមបង្អួច ដែលមិនបានចាក់កន្លឹះ យកបាន អាយផេត១គ្រឿង ពណ៌ប្រផេះ, ទូរស័ព្ទដៃម៉ាក សាមសុង ១គ្រឿង ពណ៌ទឹកមាស លុយ ៣៥០,០០០រៀល និងក្រវិលពេជ្រមួយគូ ហើយទូរស័ព្ទដៃ ម៉ាកសាមសុង យកទៅលក់ នៅផ្សារលើបានលុយ ៤០ដុល្លារ ចំណែក អាយផេត លក់នៅផ្សារបន្ទាយមាស បានតំម្លៃ ៥០ដុល្លារ ហើយក្រវិលពេជ្រ បានផ្ញើទៅសង្សារ ដែលធ្វើការ នៅហាងខារ៉ាអូរខេ ឈ្មោះ លីន ស៊ីណា ។

លើកទី៤ ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២២៖៣០នាទី បានលួចចូលទៅក្នុងផ្ទះ ជនជាតិបារាំងមួយកន្លែង នៅកាហ្វេលើភ្នំ ស្ថិតនៅក្រុមទី១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ធ្វើសកម្មភាព ចូលតាមទ្វារ ដោយម្ចាស់មិនបានចាក់កន្លឹះ លួចបានលេបថបចំនួន ២គ្រឿង យកទៅលក់នៅផ្សារលើ តម្លៃសរុប ១៨០ ដុល្លា ។

លើកទី៥ ដោយមិនបានចាំថ្ងៃខែឆ្នាំ នៅផ្ទះជនបរទេសមួយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លួចបានទូរស័ព្ទដៃ អិនចុចពិល ចំនួន២គ្រឿង និងអាយហ្វូនហ្វៃ១គ្រឿង ពណ៌ទឹកប្រាក់ ហើយបានលក់ ទៅឲ្យមិត្តជិតផ្ទះ នៅស្រុកជាមួយ ក្នុងតំម្លៃ ៦០ដុល្លារ និងលើកទី៦ ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ប្រហែលជា១១ ស្ថិតនៅក្រុមទី១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ខ្លួនបានធ្វើសកម្មភាព គាស់ក្បឿងដំបូលផ្ទះ ចូលលួចសម្ភារៈ បានជាច្រើនរួមមាន ខ្សែករ ចំនួន១ខ្សែ មានបណ្តោងគុជ, កងដៃចំនួន​ ២កង, ចិញ្ជៀនចំនួន ២វង់, ខ្សែជើងចំនួន ២ខ្សែ, ខ្សែដៃក្មេងប្រុស ១ខ្សែ, ប្លង់ដីចំនួន១ (ខ្លួនបានបោះចោល នៅកន្លែងធ្វើសកម្មភាព) ។

ក្នុងនោះសមត្ថកិច្ច បានដកហូតវត្ដុតាង ដែលចាប់បានរួមមាន កុំព្យូទ័រយួរដែ ចំនួន ៣គ្រឿង ១.ម៉ាក Macbook Pro ពណ៌ទឹកប្រាក់ ចំនួន ១គ្រឿង, ២.ម៉ាក Dell ពណ៌ក្រហម ចំនួន ១គ្រឿង, ៣.ម៉ាក Toshiba ពណ៌សរ ចំនួន ១គ្រឿង, IPaid ចំនួន ៣គ្រឿង ម៉ាក IPaid mini ពណ៌ទឹកប្រាក់ ចំនួន ១គ្រឿង IPaid ម៉ាក IPaid 2 ពណ៌ខ្មៅ ចំនួន ១គ្រឿង surface ពណ៌ខ្មៅ ចំនួន១ គ្រឿង, ទូរស័ព្ទដៃ iPhone7 ពណ៌ផ្កាឈូក ចំនួន ១គ្រឿង, ទូរស័ព្ទដែ ម៉ាកសាមសុង ចំនួន ១គ្រឿង, ខ្សែករចំនួន ១ខ្សែ និងបណ្តោងគុជ ចំនួន១, ម៉ូតូ ១គ្រឿង ម៉ាក អ៊ែប្លេក ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម លាយខ្មៅ មានលេខតួរ ៥៤១០៣១ និងលេខម៉ាស៊ីន ១៥០៤៧៨៦ (ជាមធ្យោបាយ ធ្វើសកម្មភាព) ។

បច្ចុប្បន្នករណីជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល កំពុងបំពេញបែបបទ បញ្ជូនទៅតុលា ចាត់ការតាមផ្លូវច្បាប់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top