Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាជ្ញាធរភ្នំពេញ នឹងចាប់សត្វឆ្កែ បើនៅតែបន្តជុះអាចម៌ លើសួនច្បារ

ភ្នំពេញ ៖ អាជ្ញាធរភ្នំពេញនឹងមានវិធានការ យ៉ាងតឹងរឹងមួយ ដើម្បីចាប់សត្វឆ្កែបោះលើឡាន បើម្ចាស់របស់វា នៅតែបន្តបណ្តើរឲ្យជុះអាចម៌លើសួនច្បារបន្តទៀតនោះ។

វិធានការនេះត្រូវបានលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដាក់ចេញក្នុងកិច្ចប្រជុំ របស់គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរក្រោមឱវាទចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនអង្គភាពចូលរួម។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សួនច្បារវិមានឯករាជ្យ អាជ្ញាធរខណ្ឌចំការមនត្រូវធ្វើឲ្យបាន ពោលគឺមិនឲ្យមានការដឹកឆ្កែឡើងសួនច្បារទៀតទេ។

លោកថា “កន្លងមកនេះយើងបានទាំងដាក់ស្លាកសញ្ញាហាមមិនឲ្យឆ្កែចូល ប៉ុន្តែការហាមតាមរយៈស្លាក សញ្ញានេះ ហាក់មិនមានប្រសិទ្ធភាពសោះ ដោយប្រជាពលរដ្ឋនៅតែបន្តនាំសត្វឆ្កែមកជុះអាចម៌ ដាក់លើសួន ច្បារដដែលជាដដែល ។ដូច្នេះទេអាជ្ញាធររបស់យើងត្រូវតែមានវិធានការហើយ គឺត្រូវចាប់សត្វឆ្កែទាំងអស់ នោះដាក់លើរថយន្តបញ្ជូនមកសាលាខណ្ឌ ហើយលើបញ្ហានេះបើត្រូវពឹង កងកម្លាំងមានសមត្ថកិច្ចរបស់ក្រុង គឺក្រុងចុះជួយភ្លាម” ។

លោកបញ្ជាក់ថា សួនច្បារធ្វើអស់លុយច្រើនសម្រាប់ឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិបានលំហែល កាយនិងហាត់ប្រាណ មិនមែនធ្វើឲ្យសត្វឆ្កែហាត់ប្រាណនិងជុះអាចម៌ដាក់នោះទេ ។ ជាងនេះទៅទៀតឆ្កែ បានរំខាន ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិទៀតផងដោយពួកគាត់ខ្លាចឆ្កែ។

ក្រៅពីមានវិធានការចំពោះសត្វឆ្កែមិនឲ្យឡើងលើសួនច្បារហើយនោះលោក ប៉ា សុជាតិវង្ស ក៏បានដាក់បទ បញ្ជាឲ្យ អាជ្ញាធរខណ្ឌចំការមនមានវិធានការ ចំពោះការលក់ដូររំលោភយកសួនច្បារ ក្បែរនាគបាញ់ទឹកផងដែរ ដោយលោកបញ្ជាក់ថា សួនច្បារគឺសួនច្បារមិនមែនសម្រាប់ ឲ្យពួកគាត់លក់ដូរបង្កឲ្យបាត់បង់ សណ្តាប់ធ្នាប់ នោះទេ ។ទីតាំងនេះគឺបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែអ្នកទិញចតយានយន្តពេញផ្លូវ។ ដូច្នេះទេ អាជ្ញាធរខណ្ឌចំការមនត្រូវតែអនុវត្តលើវិធានការ ទាំង២ខាងលើនេះឲ្យមានប្រសិទ្ធភាព ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top