Sunday, Nov 19th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នៅពេលដ៏ខ្លីខាងមុខ បងប្អូនពលករខ្មែរនៅកូរ៉េកោះជេជូ នឹងទទួលបានមជ្ឈមណ្ឌល គាំការពលករបរទេស

ភ្នំពេញ៖បងប្អូនពលករខ្មែរដែលកំពុង បម្រើការងារនៅលើកោះជេជូ នៃសាធារណរដ្ឋកូរ៉េ នៅពេលដ៏ខ្លីខាងមុខនេះ នឹងទទួលបានមជ្ឈមណ្ឌល គាំពារពលករបរទេស ដូចបណ្ដាពលករនៅតំបន់ផ្សេងៗទៀតដែរនៅ សាធារណរដ្ឋកូរ៉េ តបតាមការស្នើសុំរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាក្នុងកិច្ចប្រជុំ "EPS Conference in JeJu 2017"។

បើតាមមន្រ្តីទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា “នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ ក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយលោក ឡុង ឌីម៉ង់ ជាមួយនឹងបណ្ដាអង្គទូតទាំង១៦ នៃប្រទេសដែលបញ្ជូនពលករ មកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយប្រធានអង្គភាព អភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូ ដើម្បីពិភាក្សាពីបញ្ហាប្រឈម កង្វល់របស់ពលករបរទេសទាំងអស់ ដើម្បីពង្រឹងយន្ដការគ្រប់គ្រងពលករ ឲ្យកាន់តែប្រសើរឡើង ជាមួយ នឹងការចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងពលកររបស់ប្រទេសនិមួយៗ”។ 

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនូវសំណូមពរ ចំនួន៥ចំនុចសំខាន់ ដល់ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូ ទី១-ស្នើសុំឲ្យបង្កើតមជ្ឈមណ្ឌលគាំពារ ពលករបរទេស ប្រចាំខេត្តជេជូ ដោយសារមជ្ឈមណ្ឌលនេះ មានសារសំខាន់ណាស់សម្រាប់ជួយគាំពារ សិទ្ធិពលករ, ទី២-ស្នើសុំ និងលើកទឹកចិត្ត ដល់នយោជកឲ្យគោរពតាម កិច្ចសន្យាការងារ ជាមួយនឹងពលករ, ទី៣-ស្នើសុំផ្ដល់កូតាដល់ពលករកម្ពុជា ដើម្បីមកបម្រើការលើវិស័យ សេវាកម្មនៅសាធារណរដ្ឋកូរ៉េ, ទី៤-ស្នើសុំបង្កើតផ្ទះស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពលករ ក្នុងអំឡុងពេលដែលផ្លាស់ប្ដូរការងារ អត់កន្លែងស្នាក់នៅ និងទី៥-ស្នើសុំពង្រឹងអធិការកិច្ច នៅតាមរោងចក្រ សហគ្រាស និងកសិដ្ឋាន។

ឆ្លើយតបនឹងសំណូមពររបស់ភាគីកម្ពុជា អភិបាលខេត្តសម្រេចបង្កើត មជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ចំពោះថ្នាក់ដឹកនាំអង្គភាព អភិវឌ្ឍនធនធានមនុស្ស នឹងនាំយកសំណូមពរទាំងអស់ទៅប្រជុំពិភាក្សា បន្ដដើម្បីស្វែងរកដំណោះស្រាយ រួមជូនពលករបរទេសទាំងអស់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top