Sunday, Nov 19th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោកឧកញ៉ា ម៉ុង ឫទ្ធី រៀបរាប់ពីការលំបាក ចំពោះការនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារបរទេស

ភ្នំពេញ៖លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៣ នៅថ្ងៃទី២១មេសានេះ បានរៀបរាប់ពីការលំបាក ចំពោះការនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារអន្តរជាតិ។

ការរៀបរាប់របស់ លោកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើឡើងខណៈដែលព្រឹទ្ធសភាធ្វើការពិនិត្យ និងឲ្យយោយល់លើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ  នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ។

លោកបានរៀបរាប់ថា “កសិផលកម្ពុជាមួយចំនួន មានការពិបាក ក្នុងការនាំចូលប្រទេសជិតខាង បើទោះជាកម្ពុជាខិតខំប្រឹងប្រែង ចរចាយ៉ាងណាក៏ដោយ បានត្រឹមតែនិយាយពីកិច្ចសហប្រតិបត្តិការ យកល្អមើលតែប៉ុណ្ណោះ ធាតុពិតគេនៅតែមិនអនុញ្ញាតិ ឱ្យនាំចូលនោះឡើយ រហូតមកដល់ពេលនេះ”។

សមាជិកព្រឹទ្ធសភារូបនេះបន្តថា" ទោះជាយ៉ាងនេះក៏ដោយ កសិផលកម្ពុជា មួយចំនួនបាននាំយកទៅលក់ នៅក្នុងទីផ្សារប្រទេសប៉ែកអឺរ៉ុប មានផ្លែស្វាយជាដើម មានការទទួលទិញនៅសហគមន៍អឺរ៉ុប ប៉ុន្តែអភ័ព្វដោយសារកម្ពុជា មិនមានជើងយន្តហោះហើរត្រង់ទៅកាន់អឺរ៉ុប តែយើងបានដាក់តាមយន្តហោះឈ្នួល នាំយកទៅលក់នៅទីនោះ។ បើទោះជាតម្លៃស្វាយខ្មែរថោក ក៏គ្រាន់បើជាងលក់ឱ្យប្រទេសជិតខាង កាលណាឆ្លងកាត់គេគេដាក់ឈ្មោះថា ជារបស់គេរហូតមានការតស៊ូយ៉ាងខ្លាំង ពីសហគមន៍អឺរ៉ុប ទើបពេលនេះគេព្រមដាក់ឈ្មោះថាស្វាយខ្មែរ"។

លោកបន្តទៀតថា អ្នកនិយាយវាស្រួលទេ តែអ្នកធ្វើទើបពិបាក តួយ៉ាងការដឹកជញ្ជូនផលិតផលកសិកម្ម យកទៅលក់ឱ្យប្រទេសចិនជាដើម គឺត្រូវដឹកតាមឡាន ដែលមានចម្ងាយផ្លូវជាង២ពាន់គីឡូម៉ែត្រ ទើបទៅដល់ព្រំដែនប្រទេសវៀតណាម-ចិន ដោយមិនអាចដឹកតាមកប៉ាល់ទឹក ឬយន្តហោះបានឡើយ។

លោកឧញ៉ាស្នើឱ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បន្តជួយរកទីផ្សារកសិផលកម្ពុជាបន្ថែមទៀត ព្រោះមានប្រទេសជាច្រើន ដែលចង់ទិញស្វាយពីកម្ពុជា ប៉ុន្តែមានប្រទេសមួយចំនួន គ្រាន់តែនិយាយចោល ដូចជាកូរ៉េខាងត្បូងជាដើម គេមានក្រុមហ៊ុនជាង៨០ ដែលនាំបន្លែ ផ្លែឈើចូលទៅកូរ៉េ សម្រាប់កសិផលខ្មែរគេថា ទាស់នេះ ទាស់នោះមិនចេះចប់។ យ៉ាងណាក៏ដោយលោកថា ផ្លែស្វាយកម្ពុជាបាននាំទៅកាន់ទីផ្សារអឺរ៉ុប ក្នុង១សប្តាហ៍បាន២យន្តហោះ ដែលក្នុង១យន្តហោះ មានទំងន់៧តោន ហើយគេបាននឹងកំពុងជំរុញ ឱ្យបង្កើនការដឹកជញ្ជូនឱ្យបាន៣ជើង ក្នុង១សប្តាហ៍ និងបង្កើនរហូតឱ្យបានរាល់ថ្ងៃទៀត ផង។

ទាក់ទិនពាក្សចចាមអារាមដែលថា មានការគៀបសង្កត់ក្នុងការនាំចេញនោះ លោកឧកញ៉ាថា គ្មានការគៀបសង្កត់អ្វីទាំងអស់ គឺមានសមត្ថកិច្ចជួយ សម្របសម្រួល តាំងពីទីតាំងផលិត រហូតដល់យន្តហោះ ហើយថ្នាក់ដឹកនាំក៏បាននិងកំពុងខិតខំចរចា ជាមួយប្រទេសប៉ូឡូញនិងហុងគ្រី ដើម្បីទិញកសិផលរបស់កម្ពុជា រួមទាំងសហភាពសហព័ន្ធសូវៀត បានសាកល្បងនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សាររបស់គេ ហើយរង់ចាំមើលចម្លើយថា ជោគជ័យឬយ៉ាងណា។

សូមបញ្ជាក់ថា មកដល់ពេលនេះ កសិផលរបស់ប្រទេសកម្ពុជា បាននាំទៅលក់នៅក្នុងទីផ្សារសហគមន៍អឺរ៉ុប បានច្រើនមុខហើយ អ្វីដែលនាំចូលទីផ្សារអឺរ៉ុបបានច្រើនជាងគេ គឺផ្លែស្វាយ។ លោកសុំឱ្យក្រសួងកសិកម្ម បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់កសិករខ្មែរ ពិសេសផលិតផលកសិកម្ម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top