Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឆ្នាំ២០១៦កន្លងទៅនេះ អាជ្ញាធរជាតិអប្សរា ដាំកូនឈើ បានជាង៦ម៉ឺនដើម ក្នុងរមណីយដ្ឋានអង្គរ

សៀមរាប ៖ កូនឈើចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទឈើ ដែលមានពូជនៅតំបន់ អង្គរស្រាប់ ត្រូវបានអាជ្ញាធរជាតិ អប្សរាបណ្តុះ និងដាំ បានចំនួន៦០៤៤៤ដើម លើផ្ទៃដីទំនេរក្នុងរមណីយដ្ឋាន អង្គរទាំងមូល។ ចំនួននេះគឺបាន ឆ្លើយតបទៅនឹងផែនការប្រចាំឆ្នាំ ដែលអាជ្ញាធរជាតិអប្សរា បានកំណត់ដាំកូនឈើយ៉ាងតិច ៦ម៉ឺនដើម ក្នុងមួយឆ្នាំ។

 លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិ អប្សរាបញ្ជាក់ថា កូនឈើដែលបានដាំទាំងជាង៦ម៉ឺនដើមនេះ គឺដាំដោយក្រុមការងារព្រៃឈើ ផ្ទាល់ជាង ៣ម៉ឺនដើម និងចែកជូនអង្គភាពពាក់ព័ន្ធដាំចំនួនជាង២ម៉ឺនដើម។

 លោកបន្ថែមថា “កូនឈើដែលយើងបានដាំនេះ មិនរាប់បញ្ចូលទាំងកូនឈើ ដែលយើងចែកជូន ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះសម្បែងដើម្បីហូបផ្លែ ឬប្រើការផ្សេងៗទេ យើងគិតតែដីព្រៃសុទ្ធប៉ុណ្ណោះ។ យើងមានគម្រោង និងបានជំរុញជាបណ្តើរៗឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរចូលរួមដាំឈើ តាមផ្ទះរបស់គាត់ និងតាមភ្លឺស្រែ ដើម្បី បង្កើតគម្របព្រៃឈើ ក្នុងតំបន់អង្គរបានយ៉ាងតិច៦០%នាពេលអនាគត”។

 តាមលោក ចាន់សាមៀន ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងជាបន្តបន្ទាប់ដោយរាប់ចាប់ពីឆ្នាំ២០០៨ ។ លោកបញ្ជាក់ថា តាមទិន្នន័យដែលទទួលបានពីរដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០០៦ ព្រៃឈើក្នុងឧទ្យានអង្គរ មានចំនួន៤៥៨៥ហិកតាដែលស្មើនឹង១១,៤៣%។ ក្នុងឆ្នាំ២០១៣ក្រុមអង្កេត ព្រៃឈើបានរកឃើញផ្ទៃដីព្រៃ កើនឡើងដល់៥៧៣៧ហិកតា ដែលស្មើនឹង១៤,៣%នៃឧទ្យានអង្គរទាំងមូល។ ការអង្កេតដែលធ្វើឡើង ក្នងឆ្នាំ២០១៦កន្លងទៅនេះឃើញថា ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងដល់៦៥០៥ហិកតា ដែលស្មើ នឹង១៦,២២%នៃផ្ទៃដីឧទ្យានអង្គរទាំងមូល។

 ទោះជាព្រៃឈើក្នុងតំបន់អង្គរ មានការកើនឡើង ជាបន្តបន្ទាប់យ៉ាងនេះក្តី លោកសាមៀនបញ្ជាក់ថា ដរាប ណាប្រជាពលរដ្ឋមិនទាន់បានចូលរួមដាំឈើតាមផ្ទះសម្បែង និងតាមភ្លឺស្រែរបស់ពួកគាត់ទេ គម្របព្រៃឈើអង្គរ នៅតែមិនគ្រប់គ្រាន់ ព្រោះថា បើមើលតាមស្ថិតិជាក់ស្តែង ផ្ទៃដីកសិកម្មរបស់ពួកគាត់មានដល់ទៅជាង៥០% ហើយបើដីទាំងនោះពុំមានដើមឈើទេ នឹងទៅវាលធំធេង មិនអាចធ្វើឲ្យឧទ្យានអង្គរមានពណ៌បៃតងបានឡើយ។ “យើងជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំឈើតាមផ្ទះ និងតាមស្រែរបស់គាត់ដើម្បីធ្វើអុសដុត និងលក់ដូរ។ យើងបានណែនាំពួកគាត់ឲ្យដាំដើមកន្ធុំថេតតាមរបងផ្ទះ តាមភ្លឺស្រែ ព្រោះប្រភេទឈើនេះមាន អត្ថប្រយោជន៍ ច្រើនដូចជា ឆាប់ធំ ស្លឹកនិងផ្លែធ្លាក់ទៅបង្កើនជាតិអាសូតជាជីដល់ដីស្រែគាត់ ហើយពួកគាត់ក៏អាចបេះស្លឹក និងផ្លែធ្វើអន្លក់ឬលក់ដូរបាន។ ជាពិសេស គាត់នឹងបានអុសដុតជាប្រចាំ មិនទៅកាប់ឈើក្នុងព្រៃអង្គរ មកដុតទៀត”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top