Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បញ្ជូនក្រុមចោរប្លន់អាកា ៨នាក់ ដែលសម្លាប់ប្រជាការពារម្នាក់ ទៅពន្ធនាគារទាំងអស់

ភ្នំពេញ៖ ក្រុមចោរប្លន់អាកា៨នាក់ ដែលប្លន់ថៅកែលក់ស្រូវ នៅខណ្ឌពោធិ៍សែនជ័យ និងរហូតឈានដល់ការបាញ់ប្រហារ បណ្តាលឲ្យប្រជាការពារម្នាក់ ស្លាប់នោះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារដើម្បី រង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់នេះ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ប៉ុនប៉ងលួច យោងតាមមាត្រា ២៧ មាត្រា ៣៥៣ មាត្រា ៣៥៧ និងបទ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ យោងតាមមាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ។

របាយការណ៍សមត្ថកិច្ច បង្ហាញថា ជនសង្ស័យទាំង៨នាក់ ទី១. ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី២. សាត ធីម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិទួលតានាង ឃុំកែស្រទាប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, ទី៣. ស្វាយ តាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី៤. សួន ប៊ុនធឿ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង, ទី៥. អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ, ទី៦. មាស ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិប្រសប់ជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ទី៧. សួង ធី ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិទួលរកា ឃុំស្អាងលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជនសង្ស័យទី៨. ឈ្មោះ ហម ហាន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក បក្ខពួកចំនួន ៣នាក់ទៀតដែលកំពុងរត់គេចខ្លួន ទី១ឈ្មោះ ភ័ណ្ឌ ទី២ឈ្មោះ រ៉ា និងទី៣ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

គួររំឭកថា ក្រុមជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ បាញ់សម្លាប់ម្ចាស់ផ្ទះលក់ស្រូវមួយកន្លែង នៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយមកពួកគេ បានរៀបចំធ្វើសកម្មភាព ប្លន់ផ្ទះវេលុយវីង នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ប៉ុន្តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ សមត្ថកិច្ចដកហូតបាន កាំភ្លើង ម៉ាកAK47 ចំនួន៣ដើម,មានបង់ចំនួន ៣បង់ ,គ្រាប់ចំនួន ៦១គ្រាប់, ខោអាវប៉ារ៉ា ចំនួន ២, និងសម្ភារ:មួយចំនួនទៀត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top