សុខភាព

ស្មានមិនដល់ទេថា គ្រាន់តែសើចសោះ អាចផ្ដល់អត្ថប្រយោជន៍ ច្រើនយ៉ាងនេះ!

ភាគច្រើននៃពួកយើងប្រហែលជា​ ធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” ប៉ុន្តែថាតើការសើចអាច ប៉ះពាល់យ៉ាងណាខ្លះ ទោះចំពោះសុខភាពរបស់ពួកយើង? វាហាក់បីដូចជាសំណើច ជួយធ្វើឲ្យរបៀបនៃការរស់នៅ កាន់តែមានភាពប្រសើរឡើង ពោរពេញដោយភាពរីករាយ ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនៃ ការសើចចំពោះសុខភាព៖

១.ល្អសម្រាប់សុខភាពបេះដូង៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺបេះដូងហាក់ដូចជាមិនសូវ មានភាពរីករាយក្នុងជីវិតឡើយ។ ពួកគេសើចតិចជាងអ្នកដែលគ្មានជំងឺនេះ។ ការសើចបៀបដូចជាការផ្ដល់ឲ្យ បេះដូងនូវលំហាត់ប្រាណដ៏ល្អមួយអញ្ចឹង ដូច្នេះព្យាយាមសើចឲ្យបានច្រើន ហើយអ្នកនឹងអាចជៀសផុត ពីបញ្ហានៃជំងឺបេះដូង ។

២.រក្សាទំនាក់ទំនងរវាងគ្នា៖ សំណើច ជាវិធីដ៏ប្រសើរបំផុតមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា។ វាអាចធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និតនឹងគ្នា ហើយជួយដោះស្រាយ បញ្ហាបានស្រួលជាងមុន។ សំណើចនាំមកនូវអារម្មណ៍វិជ្ជមាន, សម្រាលបញ្ហាថប់បារម្ភ និងថែមទាំងកាត់បន្ថយកំហឹងបានផងដែរ។

៣.ទប់ស្កាត់ជំងឺមហារីក៖ សំណើច ជាថ្នាំដ៏ប្រសើរមួយសម្រាប់ អ្នកជំងឺមហារីកដែលស្ថិតក្រោម ការព្យាបាលដោយគីមី វាជួយកាត់បន្ថយការឈឺចាប់ និងភាពទុទិដ្ឋិនិយម។ មន្ទីរពេទ្យខ្លះប្រើប្រាស់ ការសើចជាវិធីព្យាបាល ដើម្បីជម្រុញប្រព័ន្ធភាពស៊ាំ របស់អ្នកជំងឺឲ្យកាន់តែប្រសើរឡើង, បង្កើនអារម្មណ៍ល្អ និងកាត់បន្ថយការឈឺចាប់មួយចំនួន ។ សំណើច ក៏អាចជួយបង្កើនបរិមាណ នៃកោសិកាប្រឆាំងជំងឺមហារីក ក្នុងរាងកាយផងដែរ ។

៤.ជួយឲ្យគេងលក់បានស្កប់៖ អ្នកអាចទទួលបាននូវដំណេក ដែលពោរពេញទៅដោយភាពស្ងប់ គ្មានសុបន្តិរំខាន ដោយគ្រាន់តែសើចឲ្យបានច្រើន។ យោងតាមការសិក្សាមួយដែល ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន ទាក់ទងទៅនឹងទំនាក់ទំនងរវាងការសើច និងការគេង បានបង្ហាញឲ្យដឹថា អ្នកដែលសើចច្រើនកំឡុងពេលល្ងាច គឺទទួលបាននូវដំណេកមួយដ៏ស្ងប់ប្រសើរ។ ដូច្នេះដើម្បីអាចគេងលក់បានស្ងប់ ចូរមើលរឿងកំប្លែង ឬអានសៀវភៅកំប្លែងនៅមុនពេលគេង ។

៥.កាត់បន្ថយស្ត្រេស៖ បំបាត់អាការៈនៃភាពតានតឹង ក្នុងអារម្មណ៍ជាមួយនឹងសំណើច គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយ។ ការស្ត្រេស អាចបណ្ដាលឲ្យកើត មានជំងឺគួរឲ្យព្រួយបារម្ភជាច្រើន ពីជំងឺបេះដូងដល់បញ្ហានៃជំងឺផ្លូវចិត្ត។ សំណើច អាចបំបាត់ស្ត្រេស និងរក្សាការបូមឈាមនៃបេះដូង ។

៦.កាត់បន្ថយបំបាត់ការឈឺចាប់៖ សំណើច ឬការសើច បង្កើតអ័រម៉ូន endorphins ក្នុងរាងកាយ ហើយអ័រម៉ូននេះជាសារធាតុគីមី នៅក្នុងខួរក្បាលដើរតួជា ថ្នាំបំបាត់ការឈឺចាប់ និងធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ ប្រែជាជួបប្រទះការឈឺចាប់តិចតួចវិញ នៅពេលទទួលការព្យាបាល តាមរយៈការសើច។

៧.ប្រឆាំងភាពទុទិដ្ឋិនិយម និងជំងឺធ្លាក់ទឹកចិត្ត៖ នៅពេលបាក់ទឹកចិត្ត ឬមិនសប្បាយចិត្តអ្វី ២យ៉ាងដែលមនុស្សភាគច្រើន ត្រូវការបំផុតនោះ គឺអ្នកដែលស្រឡាញ់ពួកគេ និងសំណើច។ ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដោយការសើច វាជួយបង្កើនអារម្មណ៍ល្អ និងធ្វើឲ្យមុខងារនៃខួរក្បាល កាន់តែប្រសើរឡើង។ សំណើចត្រូវបានគេស្គាល់ថា​ អាចជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ យ៉ាងមានប្រសិទ្ធិភាព។

៨.ធ្វើឲ្យប្រព័ន្ធភាពស៊ាំ កាន់តែប្រសើរឡើង៖ សំណើច អាចជួយប​ង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំ រាងកាយឲ្យកាន់តែមាន លក្ខណៈប្រសើរឡើងគួរឲ្យកត់សម្គាល់។ វាក៏ជួយឲ្យចរន្តឈាមរត់ និងអុកស៊ីសែនក្នុងរាងកាយ មានលក្ខណៈប្រសើរផងដែរ។ លើសពីនេះទៅទៀត ការសើចជួយបង្កើនកោសិកា គ្រាប់ឈាមមានសុខភាពល្អ ៕

ប្រភព៖ www.health.com.kh

To Top